អ្នកនិយមងើបរៀន ម៉ោង៤-៥ ទៀបភ្លឺ មើលអត្ថបទ១នេះ ច្បាស់ជាភ្លឺភ្នែកជាក់ជាមិនខាន ត្បិតអីទង្វើបែបនេះ គឺខុសនឹងតាមក្បួនពេទ្យ ទាំងស្រុង។ តាមការលើកឡើងពីឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មនុស្សជាច្រើនតែងយល់ថា ការក្រោកពីដំណេកទៀបភ្លឺ (ម៉ោង៤ ឬម៉ោង៥) មើលមេរៀនជារឿងល្អចំពោះពួកគេ ពោលគឺធ្វើឱ្យខួរក្បាលស្រឡះ និងចងចាំបានល្អ។ ការយល់ឃើញបែបនេះ ចំពោះលោកឧកញ្ញ៉ា គឺជាការយល់ឃើញពុំត្រឹមត្រូវឡើយ។
ឧកញ៉ាវេជ្ជបណ្ឌិត បានដាក់ជា សំនួនថា ហេតុអ្វី? ពីព្រោះបើតាមក្បួនពេទ្យ ដើម្បីមានសុខភាពល្អ ហើយខួរក្បាលសម្រាកបានគ្រប់គ្រាន់។ ចំពោះមនុស្សវ័យជំទង់យ៉ាងហោចណាស់ក៏ត្រូវគេងឱ្យបាន៧ទៅ៧ម៉ោងកន្លះដែរ។ ចំណែកក្មេងយ៉ាងហោចណាស់ក៏ត្រូវគេងឱ្យបាន៨ទៅ៨ម៉ោងកន្លះដែរ។ ដូច្នេះបើសិនជាចូលគេងម៉ោង១០ឬ១១យប់ ហើយក្រោកពីដំណេកនៅម៉ោង៤ឬម៉ោង៥ទៀបភ្លឺ តើដំណេករបស់យើងគ្រប់គ្រាន់ឬទេ? តើសុខភាពយើងល្អដែរឬទេ? តើខួរក្បាលយើងស្រឡះល្អឬទេ? គឺអត់ទេ!
ឧកញ៉ាវេជ្ជបណ្ឌិត
គួច ម៉េងលី
ឲ្យដឹងបន្ថែមថាពេលវេលាដែលខួរក្បាលមនុស្សដំណើរការបានល្អ
ចងចាំបានល្អ និងស្រស់ស្រាយបំផុត
គឺចាប់ពីព្រលឹមឡើងដល់ថ្ងៃត្រង់
ព្រោះពេលវេលានេះខួរក្បាលបានសម្រាកគ្រប់គ្រាន់
រាងកាយមានថាមពលឡើងវិញ
ខួរក្បាលស្រឡះល្អ។
ម្យ៉ាងដើម្បីឱ្យកាន់តែមានកម្លាំងកាយ
និងកម្លាំងបញ្ញាខ្លាំងក្លា
យើងគួរពិសាអាហារពេលព្រឹកឱ្យរួចរាល់សិនចាំចូលរៀន។
ចំណែកពេលរសៀល និងពេលយប់
ខួរក្បាលយើងពុំសូវដំណើរការបានល្អ
និងស្រស់ស្រាយឡើយ។
ឧកញ៉ាវេជ្ជបណ្ឌិត
លើកឡើងថា ជាទូទៅក្រោយញ៉ាំអាហារពេលថ្ងៃត្រង់រួចហើយ
យើងតែងតែងងុយគេង
ព្រោះក្រពះរបស់យើងត្រូវធ្វើការរំលាយអាហារ។
នៅពេលក្រពះរំលាយអាហារ
ពេលនោះឈាមរត់ចូលសរសៃឈាមក្នុងក្រពះដើម្បីប្រើកម្លាំងកិនរំលាយអាហារ
ម៉្លោះហើយជាហេតុធ្វើយើងមានអារម្មណ៍ថាសឺៗ
ហើយងងុយគេង។ នៅពេលមានអារម្មណ៍សឺៗ
ហើយងងុយគេង យើងប្រាកដជារៀនមិនចូលឡើយ។
ចំពោះការរៀនពេលយប់វិញ
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី
យល់ឃើញថាក៏ខួរក្បាលយើងមិនសូវចងចាំបានល្អដែរ
ព្រោះពេលវេលាហ្នឹងជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក
ជាពេលវេលាកម្សាន្ត
ជាពេលវេលាហាត់ប្រាណ
និងជាពេលវេលាដែលត្រូវនៅជួបជុំគ្រួសារ។ដូច្នេះបើជ្រើសរើសយកពេលវេលានេះសិក្សា
គឺខួរក្បាលពិបាកចងចាំខ្លាំងណាស់។
ដោយឡែកចំពោះពួកអ្នក
Professional ដូចជាវេជ្ជបណ្ឌិត,
មេធាវី ឬ CEO Manager
ជាដើមនោះ ដែលទៅរៀនតាមអនឡាញ
ឬក៏រៀនបន្ថែម គឺពួកគេអាចរៀនពេលយប់
និងថ្ងៃសៅរ៍-អាទិត្យបាន
ព្រោះអ្នកទាំងនោះចេះថ្លឹងថ្លែង
និងបែងចែកពេលវេលាបានត្រឹមត្រូវ។
ជាមួយគ្នានោះដែរឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី សូមទទូចម្ដងទៀតថា ចំពោះយុវជន ឬសិស្សនិស្សិតវ័យក្មេងគ្រប់រូប គួរកុំរៀនពេលយប់ ឬថ្ងៃចុងសប្ដាហ៍អី។ គួរតែរៀនពេលព្រឹក ពិសេសគឺរៀនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ នោះទើបធ្វើឱ្យខួរក្បាលយើងចងចាំបានល្អ។ ម្យ៉ាង ឧកញ៉ាវេជ្ជបណ្ឌិត សូមផ្ដាំដល់យុវជនមួយចំនួនដែរថា សូមឈប់មានមោទនភាពចំពោះខ្លួនឯង ដែលក្រោកពីដំណេកម៉ោង២ពាក់កណ្ដាលយប់ គិតថាខ្លួនឯងក្រោកពីព្រលឹមទៅ គឺអ្នកទាំងអស់គ្នាកំពុងធ្វើបាបខ្លួនឯងទៅវិញទេ ព្រោះពេលវេលានេះជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ដើម្បីឱ្យខួរក្បាលស្រឡះ និងក្រេបជញ្ជក់ថាមពលឡើងវិញ សម្រាប់ថ្ងៃបន្ទាប់៕