ហាងលក់ទំនិញធំជាងគេរបស់ថៃ Central Group បានព្រមព្រៀងទិញយកហាងទំនិញប្រណីត Selfridges ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស ក្នុងតម្លៃប្រមាណ ៤ ពាន់លានផោន ឬប្រហែលជាង ៥ ពាន់លានដុល្លារ ។
ជាក់ស្តែង នេះបើតាមការឲ្យដឹងពីប្រភពព័ត៌មាន Rerters ដែលបាននិយាយទៀតថា ការប្រកាសជាផ្លូវការនៃកិច្ចព្រមព្រៀងដ៏ធំនេះ ប្រហែលជាត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ២៣ ធ្នូម្សិលមិញ។
គួរឲ្យដឹងផងដែរថា ម្ចាស់ហាង Selfridges បច្ចុប្បន្ន ដែលជាក្រុមគ្រួសារអ្នកជំនួញ Weston ជនជាតិកាណាដា គឺបានព្រមព្រៀងលក្ខខណ្ឌនានា ជាមួយ Central កាលពីចុងខែវិច្ឆិកាមកម្លេះ។ យ៉ាងណានេះបើតាមរបាយការណ៍នៅក្នុងកាសែត The Times ដែលបានចុះផ្សាយ នៅថ្ងៃទី ២ ធ្នូកន្លងទៅ។
មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបន្ថែមទៀតថា Central Retail Corp Pcl ដែលជាបុត្រសម្ព័ន្ធរបស់ Central Group នឹងមានសិទ្ធចូលកាន់ភាគហ៊ុនមួយផ្នែក ក្នុងក្រុមហ៊ុនហាង Selftridges ប៉ុន្តែកំពុងតែស្ថិតនៅក្នុងការពិចារណានៅឡើយ ។
ប៉ុន្តែទាំង Central Group និង Selfridges មិនទាន់បានធ្វើការឆ្លើយតប ចំពោះសំណើសុំឲ្យបញ្ជាក់បន្ថែមជុំវិញកិច្ចព្រមព្រៀងនេះ ពីសំណាក់សារព័ត៌មាន Reuters នៅឡើយនោះទេ ។
បញ្ជាក់ផងដែរថា Central Group ដែលជាកម្មសិទ្ធិរបស់គ្រួសារមហាសេដ្ឋី Chirathivat មានវត្តមាននៅក្នុងទ្វីបអឺរ៉ុបតាំងពីឆ្នាំ ២០១១ មក ខណ:កាលពីឆ្នាំមុន ខ្លួនបានទិញយកហាងទំនិញប្រណីតរបស់ប្រទេសស្វីស Globus និងអចលនទ្រព្យផ្សេងទៀត ក្នុងការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Signa របស់ប្រទេសអូទ្រីស នៅក្នុងតម្លៃ ១ ពាន់លានដុល្លារ ៕
លើសពីនេះ ក្រុមហ៊ុនខាងលើ ក៏កាន់កាប់ហាង La Rinascente របស់អ៊ីតាលី , ហាង Illum របស់ដាណឺម៉ាក និង KaDewe ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ស្របពេលនៅអាស៊ី Central Group បានបើកដំណើរការហាងរបស់ខ្លួនជាច្រើនកន្លែង នៅប្រទេសវៀតណាម ៕
ប្រភព: Bangkok Post