ការនាំចេញអង្ករក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១ នេះបានចំនួន ៥៣២ ១៧៩ តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ៣៦៦លានដុល្លារសហរដ្ឋអាមេរិក ដែលបរិមាណនាំចេញនេះមានការធ្លាក់ចុះចំនួនជិត១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ឧកញ៉ា ហ៊ុនឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមផ្តល់បទអន្តរាគមន៍នៅក្នុងកម្មវិធី សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ដោយលើកឡើងអំពីស្ថានភាព និងការប្រឈមរបស់វិស័យស្រូវអង្ករកម្ពុជាក្នុងឆ្នាំ ២០២១នេះ ជាឆ្នាំមួយដែលប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបានទទួលរងនូវភាពរាំងស្ទះពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ ដោយសារជំងឺឆ្លងកូវីដ-១៩។ លោកថា សម្រាប់ស្រូវអង្ករកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់មួយចំនួនដែរ ជាពិសេស គឺការកើនឡើងនូវតម្លៃដឹកជញ្ជូនតាមកប៉ាល់ និងកង្វះទូកុងតែន័រ បានធ្វើឱ្យការនាំចេញអង្ករមិនទទួលបាននូវកំណើនដូចការរំពឹងទុក។
បើតាមឧកញ៉ា ហ៊ុន ឡាក់ ប្រទេសដែលទិញអង្ករកម្ពុជាច្រើនជាងគេគឺ ប្រទេសចិន ចំនួន ៥០% នៃការនាំចេញសរុប ស្មើរនឹងបរិមាណចំនួន ២៥៦ ២៤៤តោន ការនាំចេញទៅកាន់សហគមន៍អឺរ៉ុបចំនួន ២៥% ឬ ១៣៤ ៤៣៨តោន ការនាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ានជាពិសេស ម៉ាឡេស៊ី ព្រុយណេ និងសិង្ហបូរីបានចំនួន ៥៤ ៣៥០ តោនឬ ១០% សម្រាប់គោលដៅផ្សេងក្នុងនោះ មានប្រទេសហ្កាប៊ុង អូស្រ្តាលី ណូវែសេឡង់ ។ល។ បានចំនួន ៧៨១៤៧ តោនឬ ១៥% នៃការនាំចេញសរុប។
លោកបន្តថា នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១ នេះ ការនាំចេញស្រូវបានចំនួន ៣,១២៣, ២៤២ តោន គិតជាទឹកប្រាក់ចំនួន ៧៤៩លានដុល្លារសរដ្ឋអាមេរិក។ បរិមាណនៃការនាំចេញស្រូវនេះមានការកើនឡើងជិត ៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០។
ជារួមការនាំចេញស្រូវនិងអង្ករសរុបសម្រាប់រយៈពេល ១១ខែ នៃឆ្នាំ២០២១ បានចំនួន ១ ១១៦.១៨ លានដុល្លារសហរដ្ឋអាមេរិក ដែលជាផ្នែកមួយជួយសម្រួលដល់ជីវភាពប្រជាកសិករកម្ពុជា ដែលបានជាប់គាំងសេដ្ឋកិច្ចដោយសារកូវីដ-១៩។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៍បានលើកឡើងលើស្ថានភាពរួម នៃឆ្នាំ២០២១ ដោយឈរលើគោលការណ៍ការវាយតម្លៃជាប្រចាំ និងឈរលើមូលដ្ឋាននៃការអនុវត្តន៍ជាក់ស្តែង ការនាំចេញអង្កររបស់កម្ពុជាអាចស្ថិតក្នុងបរិមាណជុំវិញ ៦៣ម៉ឺនតោន ដែលមានការធ្លាក់ចុះជារួមប្រមាណជា ៧.៥% តែការរំពឹងទុក ហើយជឿជាក់ថា ឆ្នាំ២០២២ គឺមានការប្រសើរឡើងវិញ និងមានកំណើនខ្ពស់ជាង ឆ្នាំ២០២០ លើបរិមាណនាំចេញសរុបចន្លោះពី៧៥ ទៅ ៨០ម៉ឺនតោន៕
ឧកញ៉ា ហ៊ុន ឡាក់៖ តម្លៃដឹកជញ្ជូន និងកង្វះទូកុងតែន័រ បានធ្វើឱ្យការនាំចេញអង្ករមិនទទួលបាននូវកំណើនដូចការរំពឹងទុក
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព