អ្នកមាន​ដាច់​គេ​នៅ​ថៃ​ចាប់ដៃ​ជាមួយ Signa Holding ទិញ​យកក្រុមហ៊ុន​តម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ ពី​មហាសេដ្ឋី​កាណាដា

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មាន​ដំណឹង​មកថា ក្រុមហ៊ុន Central Group ដែល​កំពុង​គ្រប់គ្រង​ពី​សំណាក់​គ្រួសារ​ត្រកូល Chirathivat ដែល​ជាគ្រួសារ​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន Signa Holding នៃ​ប្រទេស​អូទ្រីស​ក្នុង​ការ​ទិញ​យក​ក្រុមហ៊ុន​ Selfridges & Co. ពី​គ្រួសារ​ត្រកូល Weston។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​លក់​ទំនិញ​ខាងលើ​ដែល​ធ្លាប់​ជា​កម្មសិទ្ធ​របស់​មហាសេដ្ឋី​កាណាដា មាន​ទីតាំង​លក់​រហូត​ដល់ ១៨ សាខា រាប់​បញ្ចូល​ទាំង​សាខា​នៅ​លើ​ផ្លូវ Oxford Street ដែល​នៅ​ចំ​កណ្ដាល​ទីក្រុង​ឡុងដ៍​ និង​ជា​ទីប្រជុំជន​កកកុញ​ផង​ដែរ ហើយ​វា​ក៏​នឹង​រាប់​បញ្ចូល​ទាំង​សាខា​ក្រៅ​ប្រទេស​ដូចជា​នៅ​ហូឡង់ អៀរឡង់ និង​សាខា​ផ្សេងៗ​ទូទាំង​ចក្រភព​អង់គ្លេស។

ដោយឡែក Central Group បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ពួកគេ​អំពី​ការ​ទិញ​យក​ក្រុមហ៊ុន​ខាងលើ ដោយ​មិន​បាន​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ច្បាស់​លាស់​ឡើយ។

តែ​បើ​តាម​ការ​ចុះផ្សាយ​ពី Bloomberg បាន​ឲ្យ​ដឹង​ថា គ្រួសារ​មហាសេដ្ឋី​ត្រកូល Weston ទំនង​ជា​សម្រេច​ចិត្ត​លក់ Selfridges ក្នុង​តម្លៃ​ប្រមាណ ៤ ពាន់​លាន​ផោន ឬ ៥,៤ ពាន់​លាន​ដុល្លារ​អាមេរិក។

នាពេលដ៏ខ្លី​ខាងមុខ Selfridges នឹង​បញ្ចូល​សាខា​របស់​ពួកគេ​ជាមួយ​នឹង Central Group ក៏ដូចជា​សាខា​របស់​ Signa ដែល​មាន​ស្រាប់​នៅ​ហាង​លក់​សម្ភារៈ​ និង​គ្រឿង​អលង្ការ​ទូទាំង​ប្រទេស​អ៊ីតាលី ដាណឺម៉ាក ស្វីស អាល្លឺម៉ង់ និង​អូទ្រីស ខណៈ​គេ​ជឿ​ថា​បើ​បូក​សរុប​ចំណូល​កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ខាងលើ​ទទួល​បាន​ជិត ៦ ពាន់​លាន​ដុល្លារ ហើយ​អាច​នឹង​កើន​ដល់​ច្រើនជាង ៨ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២៤៕

ប្រភព: Forbes