ក្រសួងការងារអះអាងថា ណាហ្គាវើលដ៍ មិនឯកភាពទទួលយកកម្មករនិយោជិតកំពុងតវ៉ាផ្សេងទៀតឲ្យចូលធ្វើការវិញនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

រយៈ​ពេល​ ៧ថ្ងៃ​ជាប់ៗ​គ្នា ហើយគិតមកដល់ថ្ងៃ​សុក្រ ទី​២៤​ធ្នូ​នេះ បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍នៅបន្ត​ធ្វើ​កូដកម្ម​​ និង​ប្រកាស​​ប្រកាន់​ជំហរ​បន្ត​ធ្វើកូដកម្ម​ដោយ​មិនដាក់​ពេល​កំណត់​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប ពោលគឺឲ្យក្រុមហ៊ុនល្បែងដ៍ធំជាងគេនៅភ្នំពេញមួយនេះ​យល់​ព្រមទទួលយកបុគ្គលិក​ជិត ​៣០០​នាក់ មកធ្វើការវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people standing and outdoors

តាមរយៈការប្រកាសព័ត៌មានរបស់ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី​២៣ធ្នូ ក្នុងចំណោមបុគ្គលិកទាំង ​៣៦៥នាក់ គឺមាន ៨៥នាក់​ យល់​ព្រម​ទទួលការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ​​ ក៏ប៉ុន្តែ​ថៅកែ​​ត្រូវតែទទួលយកបុគ្គលិកដែលនៅ​សេសសល់ប្រមាណជិត​ ៣០០នាក់ មកចូលបម្រើការងារវិញសិន​​ ទើប​ពួកគេយល់ព្រម​។ ប៉ុន្តែ ជាការឆ្លើយតបដំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ មិនឯកភាពទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាផ្សេងទៀតឲ្យចូលធ្វើការវិញនោះទេ។

ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ពេលថ្មីៗនេះ ក៏បានប្រកាសព័ត៌មានដាច់ដោយឡែកចំនួនពីរទំព័រដែលបញ្ជាក់ថា សាលារាជធានីភ្នំពេញ ខិតខំហៅភាគីពាក់ព័ន្ធមកប្រជុំរកដំណោះស្រាយវិវាទការងារ ហើយទទួលបានលទ្ធផលមួយចំនួនយ៉ាងណាក៏ដោយ ក៏កម្មករ និយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ ពុំបានរំសាយការប្រមូលផ្តុំគ្នាធ្វើការសម្ដែងមតិដោយខុសច្បាប់តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករ និយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការសម្ដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួង​ ស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន។

សម្រាប់លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា ជាទូទៅការដោះស្រាយវិវាទ ដែលពាក់ព័ន្ធនឹងតួលេខ ហើយអាចគណនាបានដោយវិទ្យាសាស្ត្រពិត ឬដោយប្រមាណវិធី បូក ដក គុណ ចែក នោះគឺមិនលំបាកក្នុងការដោះស្រាយនោះទេ។ ប៉ុន្តែវិវាទ ដែលកើតឡើងដោយយកហេតុផលសិទ្ធិផ្តាច់មុខ ឬទាមទារប្រយោជន៍អ្វីមួយ ដែលមិនមានចែងក្នុងច្បាប់ ឬទាមទារលើសច្បាប់ នោះគឺមិនងាយនឹងមានលទ្ធផលនោះឡើយ។

លោកថា ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មន្ត្រីផ្សះផ្សាវិវាទការងារ បានខិតខំដោះស្រាយ និងផ្សះផ្សាជាច្រើនលើក តាំងពីនៅកម្រិតក្រុមហ៊ុន ឡើងមកដល់កម្រិតក្រសួង ហើយចុងក្រោយដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បច្ចុប្បន្នភាគីសហជីពបានបដិសេធសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញារកណ្តាល ប៉ុន្តែបែរជាតម្រូវឲ្យនិយោជកអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទៅវិញ។ ការណ៍នេះ ពុំបានបង្ហាញអំពីសុច្ឆន្ទៈបដិការក្នុងការទទួលយកដំណោះស្រាយនោះឡើយ។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ។ សិទ្ធិទទួលបានការងារក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។ ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ឬសង្វាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្ត គឺក្រុមហ៊ុន សហគ្រាសអាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយគឺត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជាត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និងអត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ លើកឡើងក្នុងសន្និសីទ​សារព័ត៌មាន ​នៅថ្ងៃទី​២៤ធ្នូនេះ ជំហររបស់​​តំណាង​កម្មករនយោជិត​​ក្នុងការស្វែងរកដំណោះស្រាយ និងជំហរ​កូដករក្នុងការ​បន្ត​ធ្វើកូដកម្ម នឹងមិនផ្លាស់​ប្តូរនោះទេ​ ដរាបណា មានការដោះស្រាយ​អាចទទួលយកបាន។  កញ្ញាបានធ្វើការច្រានចោលទាំងស្រុង​អំពី​ការ​លើកឡើងរបស់មន្ត្រី​រដ្ឋាភិបាលមួយរូប​​​ថា ​កូដកម្មនេះជាការរៀបចំ​ចលនាបដិវត្តពណ៍។  អ្នកតំណាង​រូបនេះ ក៏​បាន​សម្តែងក្តីបារម្ភ​អំពីការគំរាមកំហែង​ដល់សកម្មជន​និងសមាជិកសហជីពអំឡុង​ពេលធ្វើកូដកម្មនេះដែរ។

គួររម្លឹកថា រយៈពេល​ ៣ថ្ងៃ ក្នុងដំណើរការចរ​ចារដោះស្រាយ​វិវាទការងារ ចាប់ពីថ្ងៃទី​២១ធ្នូ​មក គឺនៅបន្ត​ជាប់គាំងនៅឡើយ​ បើទោះជា មានការចរចារនៅសាលារាជធានីភ្នំពេញចំនួន​ ១លើក ក៏ដូចជាកិច្ចប្រជុំ​រៀបចំសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ដោះស្រាយកូដកម្ម និងបាតុកម្ម​គ្រប់មុខសញ្ញាចំនួន ​២លើកមកហើយដែរ៕