រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់នៅក្នុងការទាញសេដ្ឋកិច្ចកម្ពុជាឪ្យមានកំណើនល្អមកវិញ​

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ក្តីរំពឹងខ្ពស់ថា សេដ្ឋកិច្ចកម្ពុជា​នឹងវិលទៅរកស្ថានភាពដើមក្នុងរង្វង់ ៧% នៅឆ្នាំ២០២៤ ខណៈកំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១​នេះ​ នឹងងើប​​ខ្ពស់​ជាង​ការរំពឹង​ទុក​ ដែល​កាល​ពីពេល​កន្លង​មក​រដ្ឋាភិបាល​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​២,៤%​។

ថ្លែងក្នុង​ពិធី​ប្រកាសដាក់​អោយអនុវត្ត​ជាផ្លូវការនូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” នៅថ្ងៃទី​២២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់នៅក្នុងការទាញសេដ្ឋកិច្ចកម្ពុជាអោយមានកំណើនល្អមកវិញ​ បន្ទាប់ពី​​រងគ្រោះពីវិបត្តិកូវីដ១៩​​កន្លងមក។  ក្នុងន័យនេះ ជាក្របខណ្ឌយុទ្ធសាស្ត្រ រដ្ឋាភិបាល​នឹងផ្តោតលើការស្តារ និងជំរុញកំណើនលើវិស័យចំនួន​៤ រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យ​កម្មន្តសាលមិនមែនកាត់ដេរ។    

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ចំពោះវិស័យទេសចរណ៍និងអាកាសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេវិញ រដ្ឋនឹងអនុគ្រោះផ្នែកពន្ធដល់ធុរកិច្ចបន្តទៀត សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយកម្ពុជាត្រូវបានប្រកាសបើកពេញលេញឡើងវិញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ថែមលើសនេះ រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមថវិកាប្រមាណ​ ២៥០ លានដុល្លារអាមេរិក​នៅឆ្នាំ​២០២២ សម្រាប់​ផ្តល់ឥណ​ទានដោយ​ត្រង់​ពីធនាគារ សហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ដោយកំណត់អាត្រាការប្រាក់​បែបប្រកួតប្រជែង (៥ ដល់​៥.៥ភាគរយ) សម្រាប់វិស័យសំខាន់ៗ​ដូចជា កសិកម្ម និងអេកូទេសចរណ៍ជាដើម៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព