ខណៈដំណើរការប្រឡងបាក់ឌុបនឹងចាប់ផ្តើមថ្ងៃស្អែកនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានអនុញ្ញាតឱ្យកីឡាករ ២រូប ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃអាទិត្យនេះ។
បើតាមលោក រស់ សុវាចា បេក្ខជនប្រលងបាក់ឌុបទាំង០២រូបនេះ ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យកីឡាករ០២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។
ឆ្នាំនេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួនជាង១១ម៉ឺន៤ពាន់នាក់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ប្រមាណ៤ម៉ឺននាក់ ក្រៅពីនោះ ថ្នាក់សង្គម។ ពួកគេត្រូវប្រឡងទាំងក្នុងដំណាក់កាលកូវីដនិងកូវីដបំប្លែងខ្លួនច្រើនប្រភេទ កំពុងបន្តរាតត្បាត។
នៅថ្ងៃ ២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ លេខបន្ទប់ លេខតុ ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក បើទោះស្ថិតក្នុងវិបត្តិមេរោគរាតត្បាតអូមីក្រុងក៏ដោយ។
បើទោះបីជាការប្រឡងនេះ រៀបចំធ្វើនៅក្នុងបរិបទកូវីដ១៩ក៏ដោយ តែរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា «ដំណើរការរៀបចំការប្រឡង នៅតែឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន»។
ចំពោះការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅថ្ងៃចន្ទ-អង្គារ៍ សប្តាហ៍ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនវិញ្ញាសាប្រឡង ទៅកាន់បណ្ដាខេត្តឆ្ងាយៗ រួចហើយ។ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានអង្គេតពីដំណើរការបញ្ចូនប្រធានវិញ្ញាសាប្រឡង ពីរាជធានីទៅខេត្ត បានវាយតម្លៃយ៉ាងវិជ្ជមាន។ អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាវិញ្ញាសាទាំង៨៧៣ហឹប បានបិតជិតយ៉ាងគត់មុខ។ មានការរក្សាធានាសុវត្ថិភាពត្រឹមក្នុងការដឹកជញ្ជូន ហើយពេលទៅដល់គោលដៅនៅមណ្ឌលប្រឡង គឺមានក្រុមយាមកាម២៤ម៉ោង/២៤ម៉ោង៕