រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំរបស់ខ្លួនឡើងវិញនៅថ្ងៃទី២៩ ខែធ្នូខាងមុខ ក្រោយគណៈរដ្ឋមន្ត្រីបញ្ជូនមកស្ថាប័ននីតិប្បញ្ញត្តិដើម្បីអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ រួមនឹងសេចក្តីព្រាងច្បាប់ចំនួន២ ផ្សេងទៀតដែលពាក់ក្នុងវិស័យពាណិជ្ជកម្ម គឺច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ បើតាមកិច្ចប្រជុំនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោមវត្តមាន សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីពីររបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលនឹងចូលជាធរមាននៅដើមឆ្នាំ ២០២២ ខាងមុខនេះ សម្រាប់ការនាំចេញផលិតផលិត ពិសេសផលកសិកម្ម ចូលទីផ្សារចិនដែលជាទីផ្សារដ៍ធំ។
បន្ថែមលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។ កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រឹងមាំ ពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងការពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីរវាងប្រជាជាតិទាំងពីរ។
សូមជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានជាង ៨៨៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញសរុបគិតជាទឹកប្រាក់មាន ៣១៨ លានដុល្លារខណៈកម្ពុជា បាននាំចូលពីកូរ៉េខាងត្បូងគិតជាទឹក ៥៦៧លានដុល្លារអាមេរិក ។
ក្រៅពីប្រទេសចិន និងសាធារណកូរ៉េ កម្ពុជាបានកំពុងសិក្សាពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសមួយចំនួនទៀត មានឥណ្ឌា អង់គ្លេស និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបខាងកើត។ លើសពីនេះ បើគ្រាន់អ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកដែរនោះ នឹងចូលជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចរចាជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦.២ទ្រីលានដុល្លារនេះ នឹងអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្មជាដើម។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងនេះ គ្រប់ដណ្តប់ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០%នៃប្រជាជនពិភពលោក និងមានទំហំផលិតផលក្នុងស្រុកសរុបប្រមាណ២៦.២ទ្រីលានដុល្លារ ឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕