កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេ CK Asset Holdings Ltd. បានប្រកាសថា ពួកគេនឹងដកខ្លួនចេញពីវិស័យជួលយន្តហោះ ដោយសារផលប៉ះពាល់ពីការរាតត្បាតកូវីដ ១៩ និងបានលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ២ ទៅកាន់ក្រុមហ៊ុន Maverick Aviation Partnership LP ក្នុងទំហំទឹកប្រាក់ ៤,២៨ ពាន់លានដុល្លារ។
ក្រុមហ៊ុនរបស់មហាសេដ្ឋីហុងកុងបានលក់ Accipiter Finance ក្នុងតម្លៃប្រមាណ ២,៤៤ ពាន់លានដុល្លារ និង Manchester Aviation Finance ក្នុងតម្លៃប្រហែល ១,៨៤ ពាន់លានដុល្លារ នេះបើតាមការឲ្យដឹងពីទិន្នន័យនៃទីផ្សារហ៊ុនហុងកុងកាលពីថ្ងៃសុក្រ។
បើតាមការអះអាងពី CK Asset បានឲ្យដឹងថា ការលក់ខាងលើអាចផ្ដល់ផលចំណេញប្រមាណ ១៧០ លានដុល្លារ ស្របពេលការរាតត្បាតកូវីដ ១៩ កន្លងទៅបានបង្កផលប៉ះពាល់ខ្លាំងដល់ការជួលយន្តហោះរបស់ក្រុមហ៊ុន។
បញ្ជាក់ដែរថា តម្លៃហ៊ុនរបស់ CK Asset គឺបានកើនឡើង ៣,៣% នៅផ្សារហ៊ុនហុងកុង ដែលនេះគឺជាការកើនឡើងខ្ពស់បំផុតប្រចាំខែ។
ដោយឡែក លោក Li Ka-shing ដែលជាស្ថាបនិកក្រុមហ៊ុន CK Asset ធ្លាប់បាននិយាយថា អាជីវកម្មជួលយន្តហោះរបស់លោកមានការប្រកួតប្រជែងខ្ពស់ និងទើបមានស្ថិរភាពកាលពីឆ្នាំ ២០១៤ មកទល់ពេលនេះ៕
ប្រភព: bnnbloomberg