មហាសេដ្ឋី​ម្ចាស់​ក្លឹប​ Chelsea ទីបំផុត ទទួល​បាន​សញ្ជាតិ​ព័រទុយហ្គាល់​

អន្តរជាតិ

ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​ស្នើសុំ​សញ្ជាតិ​ និង​ទិដ្ឋាការ​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាច្រើន​លើក​ច្រើន​សារ​រួច​មក ពេលនេះ​មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ទទួល​បាន​​សញ្ជាតិ​ថ្មី​មួយ​ពី​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​គឺ ប្រទេស​ព័រទុយហ្គាល់។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Abramovich បាន​ក្លាយជា​ពលរដ្ឋ​នៃ​សមាជិក​សហភាព​អឺរ៉ុប បន្ទាប់​ពី​លោក​បាន​ដក​ពាក្យ​ស្នើសុំ​សញ្ជាតិ​នៅ​ប្រទេស​ស្វីស​ដែល​មិនមែន​ជា​សមាជិក​តំបន់​អឺរ៉ុប​កាលពី​ឆ្នាំ ២០១៧ ជុំវិញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​សាធារណៈ ស្របពេល​ចក្រភព​អង់គ្លេស​បដិសេធ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ថ្មី​ជូន​លោក​កាលពី​ឆ្នាំ ២០១៨។

ដោយឡែក មន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ព័រទុយហ្គាល់​បាន​ធ្វើការ​អនុម័ត​សម្រាប់​ការ​ដេញថ្លៃ​យក​សញ្ជាតិ​របស់ Abramovich កាលពី​ថ្ងៃទី ១៣ មេសា ២០២១។

យោង​តាម​ការ​ចុះផ្សាយ​ពី Jewish News Syndicate បាន​ឲ្យ​ដឹង​ថា Abramovich គឺជា​សមាជិក​កិត្តិយស​នៃ​អង្គការ​ជ្វីហ្វ​ព័រទុយហ្គាល់​ជាច្រើន ខណៈ​ប្រទេស​ព័រទុយហ្គាល់​បាន​ផ្តល់​លិខិត​ឆ្លងដែន​តាំងពី​ឆ្នាំ ២០១៥ ដល់​អ្នក​ដែល​អាច​បញ្ជាក់​ពី​ទំនាក់​ទំនង​គ្រួសារ​ទៅ​នឹង​សាសន៍​យូដា Sephardi ដែល​ត្រូវបាន​បណ្តេញ​ចេញ ឬ​បង្ខំ​ឱ្យ​ប្តូរ​ទៅជា​គ្រិស្ត​សាសនា​នៅចុង​បញ្ចប់​នៃ​សតវត្សទី ១៥។

បញ្ជាក់​ដែរ​ថា ម្ចាស់ក្លឹប​បាល់ទាត់ Chelsea ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១៤,៤ ពាន់​លាន​ដុល្លារ បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​ព័រទុយហ្គាល់​ដោយ​ស្វ័យប្រវត្តិ​ បន្ទាប់​ពី​លោក​ទទួល​បាន​សញ្ជាតិ​ថ្មី​នេះ ស្របពេល​លោក​ក៏​ជា​បុគ្គល​មាន​បំផុត​នៅ​លីទុយអានី​ផង​ដែរ៕

ប្រភព: themoscowtimes