ជើងហោះហើរ ៨០០ ទៀត ក្រុមហ៊ុនអាកាសចរណ៍អាមេរិកលុបចោល អំឡុងថ្ងៃបុណ្យណូអែល ព្រោះបារម្ភវីរុសបម្លែងខ្លួនថ្មី

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើន បានសម្រេចលុបចោលជើងហោះហើរប្រហែល ៨០០ បន្ថែមទៀត កាលពីថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ បន្ទាប់ពីការបិទជើងហោះហើររាប់ពាន់ត្រូវធ្វើឡើង ក្នុងអំឡុងចុងសប្តាហ៍នៃពិធីបុណ្យណូអែល ដោយសារករណីវីរុសបម្លែងខ្លួនថ្មី អូមីក្រុង នៅទូទាំងប្រទេសមានការកើនឡើង ដែលបង្ខំឲ្យអ្នកបម្រើការលើយន្តហោះ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក និងអ្នកដំណើរត្រូវស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីធ្វើដំណើរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើន ដូចជា American Airlines, United Airlines , Delta Air និង Southwest Airlines បានធ្លាក់ចុះ ក្នុងចន្លោះពី ២ ទៅ ៣ ភាគរយ នៅមុនពេលការជួញដូរត្រូវបានបើក ។

ជាក់ស្តែង ជើងយោះហើរជិត ៧៤០ ត្រូវបានលុបចោល ទាំងការហោះចូល និងចេញពីទឹកដីសហរដ្ឋអាមេរិក កាលព្រឹកថ្ងៃចន្ទ ដែលជាចំនួនសរុបបង្ហាញដោយគេហទំព័រតាមដានការហោះហើរ FlightAware ។

យ៉ាងណា ចំពោះការលុបចោលជើងហោះហើរនេះ ត្រូវបានគេចាត់ទុកថាជាចំនួនលុបចោលដ៏ច្រើនបំផុត ដល់ជាង ៣ ០០០ ក្នុងអំឡុងចុងសប្តាហ៍នៃថ្ងៃបុណ្យណូអែល ដែលជាធម្មតាវាគឺជាពេលវេលាដ៏ធំបំផុត សម្រាប់ការដំណើររបស់ជនជាតិអាមេរិក ។

មិនតែប៉ុណ្ណោះ ជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគបម្លែងខ្លួនថ្មី ក្រុមហ៊ុនអាកាសចរណ៍ត្រូវបាន បង្ខំចិត្តឲ្យលុបចោលជើងហោះហើរ ដោយសារតែអ្នកបើកបរយន្តហោះ និងបុគ្គលិកបម្រើការងារ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ចំពេលអាកាសធាតុមិនបានអំណោយផល នៅក្នុងតំបន់ខ្លះទៀតផងដែរ ដែលជាហេតុធ្វើឲ្យមានបញ្ហាដល់អ្នកធ្វើដំណើរ ។

ដោយឡែក សម្រាប់ភាគហ៊ុនរបស់ក្រុមហ៊ុននាវាទេសចរណ៍ធំៗ ដូចជា Norwegian Cruise Line, Royal Caribbean Cruises និង Carnival ក៏មានការធ្លាក់ចុះពី ១,៣ ទៅ ២,៤ ភាគរយផងដែរ ខណ:នៅចុងសប្តាហ៍នេះ កប៉ាល់ទេសចរណ៍ យ៉ាងតិចចំនួន ៣ ត្រូវបានបង្ខំឲ្យវិលត្រឡប់មកកាន់កំពង់ផែវិញ បន្ទាប់ពីករណីឆ្លងកូវីដ ១៩ ត្រូវបានរកឃើញ។ យ៉ាងណានេះបើយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន ៕

ប្រភព: CNA