ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា នេះសម្រាប់ថ្នាក់វិទ្យាសាស្ត្រ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម មានគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា ដែលមានបេក្ខជនប្រឡងសរុបចំនួន១១៤ ១៨៣នាក់ ក្នុងនោះស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់។ ហើយនៅព្រឹកនេះដែរ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ បើគិតបូកយោងទាំងអវត្តមានថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ ស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស។
តែទោះជាយ៉ាងណា ក្រសួងអប់រំ បានអះអាងថា ដំណើរការសំណេរប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ បើទោះបីមានភ្លៀងធ្លាក់តិចតួច និងអាកាសធាតុចុះត្រជាក់នៅតាមមណ្ឌលមួយចំនួន។
បើតាមក្រសួងអប់រំ បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
ដោយឡែក បេក្ខជនមានបញ្ហាសុខភាព ចំនួន៣៦ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន៣១នាក់។
ទន្ទឹមនឹងនោះបេក្ខជន២នាក់ មានបញ្ហាសុខភាពត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី២នេះ។ ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ៕