ធនាគារ ប្រៃសណីយ៍កម្ពុជា នៅថ្ងៃអង្គារ៍ ទី២៨ ធ្នូនេះ ចុះហត្ថលេខាជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ក្នុងការទិញមូលបត្របំណុលមានតម្លៃ ១០លានដុល្លារអាមេរិក សម្រាប់វិនិយោគលើគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ តាខ្មៅ នៅខេត្តកណ្តាល។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយតំណាងក្រុមហ៊ុន CAIC ឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករង និងធនាគារប្រៃសណីយ៍កម្ពុជា តំណាងដោយលោក តូច ចៅចេក ជាប្រធាននាយកប្រតិបត្តិ ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ។
ប្រកាសចូលរួមទិញមូលបត្របំណុលតម្លៃ ១០លានដុល្លារនេះ ទំនងកើតឡើងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន កាលពីដើមខែធ្នូ នេះ បានប្រកាសដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាទាំងក្នុងនិងក្រៅប្រទេសជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។
ភ្លាមៗនោះ ក៏មានធនាគារពីស្រុកក្រៅដែលកំពុងឈរជើងក្តោបចាប់បានចំណែកទីផ្សារអតិថិនគោលដៅស្ទើរតែឈានមុខ ABA សម្រេចចុះហត្ថលេខាទិញមូលបត្របំណុលមានតម្លៃ ៣០លានដុល្លារ សម្រាប់វិនិយោគលើក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ នៅថ្ងៃអង្គារ៍ ទី១៤ ខែធ្នូនេះ ពីក្រុមហ៊ុន OCIC។ ខណៈដែលកាលពីថ្ងៃទី៤ វិច្ឆិកា ក្រុមហ៊ុន Cambodia Airport Investment Co., LTD (CAIC) បានសម្រេចលក់មូលបត្របំណុលមានបុគ្គលធានា (guaranteed bond) ក្នុងតម្លៃ ១៥លានដុល្លារអាម៉េរិក ឱ្យទៅធនាគារ Prince ដើម្បីប្រើប្រាស់បន្ថែមសម្រាប់ការសាងសង់។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានតម្លៃ១,៥ ពាន់លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដីចំនួន២៦០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន OCIC ៩០ ភាគរយ និងរាជរដ្ឋាភិបាលកម្ពុជា១០ ភាគរយ ហើយគម្រោងព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេ នឹងទី៩ នៅលើពិភពលោក ដោយនាំមុខដោយព្រលានយន្តហោះ ឈីកាហ្គោអូហារ និងអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរបស់ប្រទេសចិន។ នៅពេលគម្រោងនេះបញ្ចប់ទៅ វានឹងអាចផ្ទុកយន្តហោះធុនធំបានគ្រប់ប្រភេទ អាចផ្ទុកអ្នកដំណើរបានរហូតដល់២៧ លាននាក់ នៅឆ្នាំ២០៣០ និងអ្នកដំណើរ៣០ លាននាក់នៅឆ្នាំ២០៥០ ស្របតាមផែនការមេ នៃការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕