អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី២៩ ធ្នូនេះ ដែលប្រើប្រាស់ពេលវេលាសាងសង់ប្រមាណ ៤០ខែ ដោយចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២១នេះ។ នេះបើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពារជាតិ ថ្លែងក្នុងពិធីសម្ពោធនៅព្រឹកនេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សម្តេច ទៀ បាញ់ បានឲ្យដឹងថា៖ “អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ បានចំណាយថវិកាសាងសង់ប្រមាណ ២៩លានដុល្លារអាមេរិក នេះមិនគិតដល់ថ្លៃដី ខណៈដែលរដ្ឋសាងសង់នៅលើទីតាំងចាស់ ក្រោមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈបច្ចេកទេសពីដៃគូសហប្រតិបត្តិការ សប្បុរសជន និងក្រុមហ៊ុននានា”។
អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនេះ សម្ពោធនៅថ្ងៃនេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។
គួររម្លឹកថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នាយករដ្ឋមន្រ្ដីកម្ពុជា សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារជាតិប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ ក្នុងជំនួបនោះប្រទេសវៀតណាមក៏បាននាំមកនូវថវិកាចំនួន ១០លានដុល្លារអាមេរិក ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជាផងដែរ។
យ៉ាងណាក្តី សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា មិនបានបញ្ជាក់លម្អិតអំពីគម្រោងនៃការសាងសង់អគារទីស្តីការក្រសួងការពារជាតិនោះទេ ហើយសម្តេចក៏មិនបានបញ្ជាក់ថា តើការផ្តល់ថវិកា១០លានដុលា្លរពីរដ្ឋាភិបាលវៀតណាមសម្រាប់ឲ្យកម្ពុជាសាងសង់អគារទីស្តីការក្រសួងការពារជាតិនោះ គឺជាការស្នើសុំរបស់កម្ពុជា ឬជាការផ្តល់ដោយឯកឯងពីរដ្ឋាភិបាលវៀតណាមនោះទេ។
កន្លងមករដ្ឋាភិបាលវៀតណាមតែងតែផ្តល់ជំនួយឥតសំណង ក្នុងការសាងសង់អគាររដ្ឋសំខាន់ៗនៅកម្ពុជា។ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួនជិត១៧ម៉ឺនដុល្លារអាមេរិក (១៦៧,៧០០ដុល្លារអាមេរិក) ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីយកទៅសាងសង់អគារវិទ្យាស្ថានពិសោធន៍នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីកម្ពុជា។ ហើយនៅខែកក្កដាឆ្នាំ២០១៧ វៀតណាម ក៏បានផ្តល់ថវិកាចំនួន២៥លានដុល្លារ ដើម្បីសាងសង់អគាររដ្ឋបាលរដ្ឋសភាជាតិកម្ពុជា។ ហើយនៅខែសីហា ឆ្នាំ២០១៧ វៀតណាមបានផ្តល់ជំនួយឲ្យកម្ពុជា ៣លានដុល្លារ ដើម្បីសាងសង់មណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុជាដើម។
លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ។ នៅក្នុងនោះ លោក ង្វៀន សួនហ៊្វុក ក៏បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលា អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងពីប្រទេសវៀតណាមក្នុងតម្លៃប្រមាណ ២៥លានដុល្លារអាមេរិក ជាមួយនឹងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ។
សូមជម្រាបថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ៕