ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក សំដៅដល់ការគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក យកទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។
ក្រសួងសាធារណការ បានឱ្យដឹងថា អនុក្រឹត្យនេះមាន៨ ជំពូក ក្នុងនោះ ជំពូកទី១ស្ដីពីបទបញ្ញត្តិទូទៅ ជំពូកទី២ស្ដីអំពីសមត្ថកិច្ចគ្រប់គ្រងផ្លូវដែក ជំពូកទី៣ស្ដីអំពីការសង់សង់ផ្លូវឆ្លងកាត់ផ្លូវដែក ជំពូកទី៤ស្តីពីការកំណត់ដីចំណីផ្លូវដែក ជំពូកទី៥ស្ដីពីវិធានការសុវត្ថិភាពផ្លូវឆ្លងកាត់ និងកិច្ចការពារដីចំណីផ្លូវដែក ជំពូកទី៦ស្ដីពីប្រភពធនធាន ជំពូកទី៧ស្តីពីទោសប្បញ្ញត្តិ និងជំពូកទី៨ស្តីពីអន្តរប្បញ្ញត្តិ។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជាប្រធានដឹកនាំអង្គប្រជុំផងដែលនោះបានណែនាំឱ្យក្រុមការងារជំនាញរបស់ក្រសួងយកខ្លឹមសារដែលបានឯកភាពទៅរៀបចំជាមាត្រា និងខ្លឹមសារលម្អិត ដើម្បីលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំសប្ដាហ៍ក្រោយទៀត។
បើតាមក្រសួងសាធារណការ អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវដែក ក៏ដូចជាកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក។
បន្ថែមទៀតនោះ អនុក្រឹត្យនេះ ក៏នឹងចូលរួមកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក ដើម្បីបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា៕