តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ជាតំបន់ដែលមានការវិនិយោគដំបូងគេ និងធំជាងគេ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពាំនាំសហគ្រាសផ្សេងៗបង្កើតរោងចក្រផលិតផលិតផលនាំចេញទៅក្រៅប្រទេស។
បង្កើតនៅអំលុងឆ្នាំ២០០៦ បច្ចុប្បន្ននេះមានក្រុមហ៊ុនផលិត និងសេវាកម្មចំនួនជាង ៩៥ ក្រុមហ៊ុនមកពី ១២ ប្រទេស ដែលកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលផ្តល់ការងារដល់បុគ្គលិកជាង ៣២ ០០០នាក់។
ក្នុងតំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគភាគច្រើនដោយវិនិយោគិនក្រៅប្រទេសមកបណ្ដាក់ទុនដែលមានមកពីប្រទេសជប៉ុន ប្រទេសចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ក្នុងវិស័យផ្សេងៗគ្នា ដូចជា គ្រឿងបន្លាស់រថយន្ត សំលៀកបំពាក់ អាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ។
ក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ក៏ដូចជាទទួលការគាំទ្រលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗ ដែលជួយបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
ថ្មីៗនេះក្រុមហ៊ុនអ៊ិនធើឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ាគិត ម៉េង បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអឺហ្សិត ភីអិលស៊ី (ភីភីអេសភី) ដែលជាម្ចាស់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីបានក្លាយជាភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធាក្រុមហ៊ុន អិនធើ ឡូជីស្ទីក (ខេមបូឌា) បានមានប្រសាសន៍ថា ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
បើតាមអ្នកឧកញ៉ា នៅក្នុងការវិនិយោគនេះទៀតសោត ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងរបស់ ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្រ្តអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែកក្នុង ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕