ទំនាស់ដីធ្លីនៅស្រុកបន្ទាយស្រី មួយករណីធំបានបិទបញ្ចប់ ខណៈដីរាប់ហិចតាទៀត មិនទាន់រកច្រកចេញបាន

សង្គម​ និង​សេដ្ឋកិច្ច

ទំនាស់ដីធ្លីដ៏ធំមួយនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបរវាងក្រុមហ៊ុន បុរីអង្គរលែនម៉ាក្ស និងលោកជំទាវ លី អ៊ុំអេង ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំត្រូវបានបញ្ចប់ដោយមានការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយដោយស្នាមញញឹមរៀងៗខ្លួន។ នេះបើការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people standing, flower and indoor

លោក ឃឹម ហ្វីណង់ ថ្លែងក្នុងសំណេរដើមយ៉ាងដូច្នេះថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាករណីនេះនឹងក្លាយទៅជាបន្ទាត់សម្រាប់ដោះស្រាយករណីដទៃទៀតក្នុងរូបមន្តប្រហាក់ប្រហែលគ្នានេះ ហើយក៏សូមទទូចដល់ភាគីករណីវិវាទដីធ្លីផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រី ឱ្យបន្ទន់ជំហរ សម្បទានគ្នា និងចាប់យកការចរចាជាច្រកចេញ ជៀសវាងការខាតបង់ពេលវេលាដើរលើផ្លូវទាល់ច្រក“។

លោកបន្តថា ការបញ្ចប់វិវាទក្នុងទម្រង់បែបនេះក៏នឹងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល និងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជនដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ។

May be an image of 5 people, people standing, people sitting and indoor

ជាថ្មីម្តងទៀត អភិបាលស្រុកបន្ទាយស្រី បានសារទរចំពោះភាគីទាំងពីរ ដែលបានបន្ទន់ឥរិយាបថស្រុះស្រួលគ្នាបញ្ចប់ជំលោះ និងយល់ព្រមដកពាក្យបណ្តឹងទាំងខាងផ្លូវរដ្ឋបាល និងផ្លូវតុលាការ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។

ជុំវិញបញ្ហានេះ នៅថ្ងៃនេះ សារព័ត៌មានឧកញ៉ាញូស៍ មិនអាចសុំការអធិប្បាយបន្ថែមពីលោក លី សំរិទ្ធ ជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បាននៅឡើយទេ។

បន្ថែមលើនេះ កាលពីសប្តាហ៍កន្លងទៅ លោក ឃឹម ហ្វីណង់ ក៏បានដឹកនាំកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ដើម្បីត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាទំនាស់ដីធ្លី ទ្រង់ទ្រាយធំជាលក្ខណៈប្រព័ន្ធ នៅក្នុងតំបន់ជាប់ព្រំប្រទល់ រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃ ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។

May be an image of 3 people, people standing and map

បើតាមលោក ឃឹម ហ្វីណង់ ដីនៅក្នុងតំបន់ទាំងនេះ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផល ជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ។

លោកថា តាមការសន្និដ្ឋានរបស់ក្រុមការងារ មានដីមិនតិចជាង១០០០ហិកតាទេ ដែលស្ថិតក្រោមភាពស្រពេចស្រពិល នៅលាយឡំជាមួយនឹងដីមានទំនាស់ មានឯកសារកាន់កាប់ជាន់គ្នា និងមានព្រំប្រទល់មិនច្បាស់លាស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖ “ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុកដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថាតំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាងឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ”