សេដ្ឋី​ម្ចាស់​ក្លឹប Chelsea ចាយ​លុយ ៣០០ លាន​ដុល្លារ ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​ថ្លៃ​បំផុត​លើ​លោក

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី Roman Abramovich ទើប​នឹង​ទទួល​បាន​​សញ្ជាតិ​ព័រទុយហ្គាល់ ហើយ​លោក​ក៏​បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​មួយ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​ជាមួយ​ទ្រព្យ​សម្បត្តិ​ប្រមាណ ១៤,៥ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្លឹប​បាល់ទាត់ Chelsea បាន​ទិញ​កាដូ​សម្រាប់​ខ្លួនឯង ដែល​កាដូ​មួយ​នេះ​គឺ​ជា​យន្តហោះ​ផ្ទាល់ខ្លួន​ថ្លៃ​បំផុត​លើ​លោក​ ម៉ូដែល Boeing 787-8 Dreamliner ដែល​មាន​តម្លៃ​ប្រមាណ​ខ្ទង់ ៣០០ លាន​ដុល្លារ។

​យន្តហោះ​ដ៏​ទំនើប​មួយ​នេះ ក៏​បំំពាក់​គ្រឿង​សង្ហារិម​ថ្លៃ​មិន​ធម្មតា​ដែរ គឺ​ប្រមាណ​ជាង ១០២ លាន​ដុល្លារ ដែល​ភាគច្រើន​គ្រឿង​តុបតែង​ទាំងអស់​គឺ​ជ្រើស​ដោយ​ផ្ទាល់​ពី​មហាសេដ្ឋី​រូបនេះ។

ដោយសារ​តែ​យន្តហោះ​មួយ​នេះ​ជា​ប្រភេទ Boeing 787 ដូច្នេះ​វា​មាន​ទំហំ​ធំ​ តែ​ដោយសារ​វា​ជា​ប្រភេទ​យន្តហោះ​ផ្ទាល់ខ្លួន ទើប​កៅអី​សរុប​នៃ​យន្តហោះ​មានតែ ៥០ ប៉ុណ្ណោះ ដោយ​ក្នុង​នោះ ១០ កៅអី​សម្រាប់​អង្គរក្ស ១០ កៅអី​សម្រាប់​អ្នក​បម្រើការ​លើ​យន្តហោះ និង ៣០ កៅអី​សម្រាប់​ភ្ញៀវ។

ក្រៅពី​ជា​ម្ចាស់​យន្តហោះ​ផ្ទាល់ខ្លួន​ថ្លៃ​បំផុត​លើ​លោក Abramovich ក៏​ជា​សេដ្ឋី​ចូលចិត្ត​ប្រមូល​ទិញ​យានយន្ត​ផ្ទាល់ខ្លួន​ថ្លៃៗ​ដូចជា នាវា​ផ្ទាល់ខ្លួន​តម្លៃ ១,២ ពាន់​លាន​ដុល្លារ យន្តហោះ​ផ្ទាល់ខ្លួន​តម្លៃ ៨០ លាន​ដុល្លារ និង​រថយន្ត​ទំនើបៗ​សរុប​ជាង ២២ លាន​ដុល្លារ​ផង​ដែរ៕

ប្រភព: luxurylaunches