សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខនេះ ពោលគឺមុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។
តាមរយៈបណ្តាញសង្គមហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាងសង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតា ដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់បម្រើអោយវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។
ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្មក្នុងតំបន់ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ នឹងពិភពលោកទាំងមូល ដែលនឹងជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត និងជាការលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម ព្រមទាំងជួយបង្កើននូវតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀតផង។