កម្ពុជា-កូរ៉េ គ្រោងចាប់ដៃគ្នាបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តម្លៃជាង ១០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សាធារណរដ្ឋកូរ៉េ គ្រោងនឹងរៀបចំបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដែលចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ផ្លូវនេះជាកំណាត់ផ្លូវអាស៊ានលេខ១២៣ (ASEAN Highway No.123) ដែលលាតសន្ធឹងពីប្រទេសវៀតណាម និងបញ្ចប់ នៅថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ។

សេចក្តីប្រកាសព័ត៌មានរបស់ EDCF បានឲ្យដឹងថា តម្លៃគម្រោងសរុបសម្រាប់លើកកម្រិតផ្លូវជាតិលេខ៤៨នេះ មានចំនួន ១០០.៦៨៦.០០០ដុល្លារអាមេរិក ដែលជាកម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) មានទឹកប្រាក់សរុបចំនួន ៨៧.៤៣៤.០០០ដុល្លារអាមេរិកនៃគម្រោងសរុប។ ជាមួយគ្នានេះ ធនាគារនិហរ័ណ-អាហរ័ណកូរ៉េ ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការកម្ចីតំណាងឲ្យរដ្ឋាភិបាលកូរ៉ ហើយធនាគារនឹងផ្តល់ហិរញ្ញប្បទាន សម្រាប់ការសិក្សា ការត្រួតពិនិត្យគម្រោង និងសម្រាប់ការសាងសង់ ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើបដិភាគថវិកាសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ ការដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះគ្រោងចំណាយពេលសាងសង់ចំនួន ៣២ខែ គិតចាប់ផ្តើមពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីបញ្ចប់ការសាងសង់រួច ផ្លូវជាតិលេខ ៤៨នេះ នឹងមានមុខងារសំខាន់ៗជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្កានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មផ្ទៃក្នុងនិងក្នុងតំបន់ ជំរុញការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ តាមរបៀងឆ្នេរសមុទ្រ និងធ្វើឱ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ។

លើសពីនេះ គម្រោងនេះ នឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងរួមចំណែកដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនជាតិ៕

រដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិលេខ៤៨ ដោយចំណាយ៧៥លានដុល្លានៅឆ្នាំ២០២០ - KHB  News