រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា ប្រឈមនឹងបញ្ហាមួយចំនួនក្នុងតំបន់អាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ដើម្បីប្រកាន់ខ្ជាប់នូវមូលបទរបស់អាស៊ាន ដោយធានាថា សសរស្តម្ភទាំងបីរបស់អាស៊ាននៅតែជាចំណុចស្នូលនៃដំណើរការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវរាល់គម្រោងទាំងឡាយ រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍អមទាំងអស់។ លោកលើកឡើងបែបនេះក្នុងពិធី «ការផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២» នៅថ្ងៃទី២៩ ខែធ្នូម្សិលមិញ។
សសរស្តម្ភទាំង ៣ នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ អាស៊ាន ដែលប្រមុខការទូតកម្ពុជាលើកឡើង គឺទីមួយ សហគមន៍នយោបាយសន្តិសុខអាស៊ាន ទី២ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងទី៣ សហគមន៍សង្គមវប្បធម៌អាស៊ាន។
លោក ប្រាក់ សុខុន បានអះអាងថា៖ “ការងារទាំងអស់នេះតម្រូវឱ្យយើងមានការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងដើម្បីកិត្តិយសជាតិយើងទាំងមូល”។
លោក ប្រាក់ សុខុន បានពន្យល់ថា៖ យើងនឹងឈរដោយឯកភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មិនមែនជាការរួបរួមសម្រាប់ប្រឈមមុខគ្នាទៅវិញទៅមកនោះទេ។ យើងនឹងខំផ្តោតបន្ថែមទៅលើបញ្ហា ដែលមានបញ្ហាទាក់ទងគ្នា ធ្វើឲ្យយើងមានកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងការជឿជាក់ទៅវិញទៅមក ដើម្បីកាត់បន្ថយនូវគម្លាត ដែលមានបញ្ហានីមួយៗ។
ទន្ទឹមនឹងនោះ លោកប្រាក់ សុខុន ក៏បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាមួយចំនួន រួមមាន ខ្លឹមសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ពត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍អម និងការគ្រប់គ្រងជំងឺកូវីដ១៩។
សូមជម្រាបថា អាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងបាងកកដោយបិតាស្ថាបនិករបស់អាស៊ាន ដែលមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ ក្រោយមកប្រទេសប៊្រុយណេដារូសាឡឹមបានចូលរួមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ប្រទេសឡាវ និងប្រទេសភូមា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលធ្វើឲ្យមានថ្ងៃនេះកើតឡើងជាសហគមន៍អាស៊ាន ដែលជាអង្គការអន្តររដ្ឋាភិបាលមួយក្នុងតំបន់ ដែលត្រូវបានកំណត់ឡើងដើម្បីលើកកម្ពស់សេដ្ឋកិច្ច នយោបាយ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមរដ្ឋជាសមាជិកទាំង១០របស់ខ្លួន។
ដូចនេះ អាស៊ានត្រូវបានកសាងឡើងដោយឈរលើសរសរស្តម្ភទាំងបីគឺ៖ សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គមវប្បធ៌មអាស៊ាន (ASCC)៕