មកដល់ពេលនេះមានមហាសេដ្ឋីជាច្រើននាក់រួចមកហើយ បានសម្រេចការហោះហើរទៅកាន់លំហអាកាស ស្របពេលគម្រោងការបញ្ជូនមនុស្សទៅរស់នៅភពព្រះអង្គាររបស់អ្នកវិទ្យាសាស្ត្រក៏កំពុងបញ្ចេញពន្លឺដូចគ្នា។
ដោយឡែកមហាសេដ្ឋីមានបំផុតលើពិភពលោក Elon Musk ក៏បានចេញមុខបង្ហើបដែរថា នៅក្នុងរយៈពេលប្រមាណ ៥ ឆ្នាំទៀត ពោលនៅឆ្នាំ ២០២៦ មនុស្សលោកអាចនឹងទៅរស់នៅភពព្រះអង្គារជាមិនខាន។ នេះបើតាមសម្ដីរបស់នាយកប្រតិបត្តិ Tesla បានប្រាប់ CNBC កាលពីដើមឆ្នាំ។
អំឡុងសប្ដាហ៍នេះដែរ មហាសេដ្ឋីលោក Elon Musk ក៏បានផ្ដល់បទសម្ភាសន៍ជាមួយ Lex Fridman Podcast ដោយបានអះអាងថា ក្រុមហ៊ុនរបស់លោកអាចនឹងសម្រេចផែនការខាងលើក្នុងរយៈពេល ៥ ឆ្នាំតិចតួច ឬយូរបំផុតគឺ ១០ ឆ្នាំ។
មហាសេដ្ឋីអាមេរិកាំងបានប្រាប់ទៅកាន់ Fridman ថា យានអវកាសរបស់ SpaceX គឺមានលក្ខណៈស្មុគស្មាញ និងទំនើបបំផុតមិនធ្លាប់មានពីមុនមក ខណៈតម្លៃសាងសង់អាចនឹងឈានដល់ខ្ទង់ទ្រីលានដុល្លារផង តែបច្ចុប្បន្នលោកកំពុងសិក្សាពីការកាត់បន្ថយការចំណាយដ៏សំបើមនេះ៕
ប្រភព: newshub