ដូចបានដឹងរួចមកហើយថា លោក Keisuke Honda ដែលជាកីឡាករបាល់ទាត់ជនជាតិជប៉ុនបានលះបង់ទាំងពេលវេលា និងកម្លាំងកាយដើម្បីមកជួយបង្វឹក និងពង្រឹងសមត្ថភាពនៃវិស័យកីឡាបាល់ទាត់របស់ប្រទេសកម្ពុជា ដោយលោកបានស្ម័គ្រខ្លួនធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាផ្ទាល់។
ថ្វីបើតាំងពីកាន់តំណែងជាគ្រូបង្វឹកអ្នកចាត់ការក្រុមជម្រើសជាតិតាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ ជ័យជម្នះហាក់មានមិនសូវច្រើនក្ដី តែបើក្រឡេកទៅមើលស្ថានភាពនៃក្រុមវិញ គឺហាក់មានការរីកចម្រើនច្រើន ធៀបនឹងអតីតកាល។
ទន្ទឹមនឹងនោះ កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះសារនៅលើគេហទំព័រ Facebook ផ្លូវការរបស់អតីតកីឡាករ AC Milan ខាងលើ គឺលោកបានបង្ហើបថា នៅឆ្នាំ ២០២២ ខាងមុខ លោកមានគម្រោងចង់ជួយដល់ប្រព័ន្ធអប់រំនៃប្រទេសកម្ពុជាបន្ថែមទៀត ក្រៅពីវិស័យកីឡាបាល់ទាត់។
លោកសង្ឃឹមទៀតថា គម្រោងការមួយនេះនឹងអាចជួយដល់ប្រជាជនកម្ពុជាបានច្រើន ជាពិសេសគឺជាឱកាសយ៉ាងពិសេសសម្រាប់ក្មេងៗខ្មែរ។
បញ្ជាក់ដែរថា កីឡាករបាល់ទាត់វ័យ ៣៥ ឆ្នាំ ធ្លាប់បានសន្យាថានឹងជួយអភិវឌ្ឍន៍ក្រុមជម្រើសជាតិកម្ពុជាដោយមិនទទួលប្រាក់ខែសូម្បីមួយកាក់មួយសេន ដោយគិតតែថ្លៃរ៉ាប់រងលើការធ្វើដំណើរមកដឹកនាំក្រុមរបស់លោកម្ដងម្កាលតែប៉ុណ្ណោះ៕
ប្រភព: Facebook