ធនាគារជាតិនៃកម្ពុជា តាមរយៈវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃស្រុក ទី៣១ ខែធ្នូនេះបានបង្ហាញថា ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជាផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ហើយវិស័យសំណង់និងអចលនទ្រព្យ រំពឹងថានឹងកើនឡើងជាសង្ឃឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។ ខណៈវិស័យកសិកម្មដែលស្រូបយកកម្លាំងការងារជិត ១/៣ នៃកម្លាំងការងារសរុប ត្រូវបានរំពឹងថានឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១នេះ។
ផ្អែកលើទស្សនវិស័យនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងបន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ២០២២។ អតិផរណារួមសម្រាប់ឆ្នាំ២០២២ត្រូវបានព្យាករថានឹងមានអត្រា ២,៦% ដោយសារកំណើនទាបនៃក្រុមប្ហូបអាហារដែលជំរុញដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងថមថយកំណើនថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈហើយការអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាពក្នុងរង្វង់ ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក។
ចំណែកឯធនាគារពិភពលោកវិញនៅថ្ងៃទី០៩ធ្នូ បញ្ជាក់ដែរថា៖ ក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តកើនឡើងចំនួន ៤.៥%។ ការកើនឡើងនេះ ដោយសារតែវិស័យឧស្សាហកម្មកាត់ដេរ, ទំនិញក្នុងផ្នែកធ្វើដំណើរ ស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផងនោះ នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់យន្តការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ ខណៈសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះលើសពី ៥% តាមរយៈកំណើននៃការនាំចេញទំនិញកសិកម្ម។
តែយ៉ាងណា ធនាគារពិភពលោក ក៏បានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ច ៤.៥% នាឆ្នាំ២០២២ខាងមុខ ក៏អាចនឹងជួបហានិភ័យទៅវិញផងដែរ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តរីកសាយភាយម្តងទៀត។ ក្នុងនោះ ធនាគារពិភពលោកបន្តថា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញបាន កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន៖ ការដាក់ចេញនូវវិធាននិងបទប្បញ្ញត្តិច្បាស់លាស់ ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ ស្របតាម «គន្លងប្រក្រតីភាពថ្មី» វិធានការផ្នែកបទប្បញ្ញត្តិនិងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញរបស់វិស័យទេសចរណ៍, និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មីជាដើម។
ធនាគារជាតិនៃកម្ពុជា ក៏បានអះអាងថា៖ ឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចពិភពលោករំពឹងថានឹងបន្តងើបឡើងក្នុងល្បឿនខុសគ្នា អាស្រ័យលើប្រសិទ្ធភាពនៃការការពារមេរោគរាតត្បាតកូវីដ១៩ និងវិធានការគាំទ្ររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ វីរុសបំប្លែងខ្លួនប្រភេទថ្មីអូមីក្រុង ក៏បន្តជាជាបញ្ហាប្រឈមចម្បងជាមួយនឹងហានិភ័យដែលមានស្រាប់ ដូចជាភាពតានតឹងភូមិសាស្រ្តនយោបាយនិងពាណិជ្ជកម្ម និងការការប្រែប្រួលអាកាសធាតុ។
លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម ជាពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្រ្តាលី នូវើលសឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាពសម្រាប់ការធ្វើពាណិជ្ជកម្មសេវានិងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមរប្រព័ន្ធអេឡិចត្រូនិច។
ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលមានរួមមាន ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍និងការដឹកជញ្ជូន និងទេសចរណ៍ក្នុងស្រុក ត្រូវបានធនាគារជាតិនៃកម្ពុជា រំពឹងថាកើនឡើងជាលំដាប់ ខណៈដែលទេសចរណ៍អន្តរជាតិអាចកើនសន្សឹមៗ និងទាមទារពេលវេលានិងកិច្ចខំប្រឹងប្រែងដើម្បីឲ្យវិស័យនេះមានកំណើនដូចគ្រាមុនមានវិបត្តិកូវីដ-១៩។ ហើយការងើបឡើងវិញនៃវិស័យទេសចរណ៍ក៏នឹងមានឥទ្ធិពលវិជ្ជមានលើភាពប្រសើរឡើងនៃវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងសេវាគាំទ្រផ្សេងៗផងដែរ៕