យុវជន​ម្នាក់​ផ្ដើម​ទុន​៤​ពាន់​ដុល្លារ ​ប្រើ​​ពេល​២​ឆ្នាំ បង្កើត​បាន​ទ្រព្យ​​ជិត​កន្លះ​លាន​ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ធ្លាប់​ជា​​​​អតីត​និស្សិត​រៀន​មិន​​ចប់​មហាវិទ្យាល័យ​ ដោយសារ​តែ​កត្តា​ជីវភាព​គ្រួសារ​ឆ្លង​កាត់​ការ​ងារ​លំបាក​ជា​ច្រើន​សន្សំ​ប្រាក់​​​តិចតួច ​បូក​ទាំង​ខ្ចី​គេ​ផង​នោះ យុវជន​ម្នាក់​បាន​បែក​គំនិត​​មក​ទិញ​ដី១ឡូត៍ ហើយ​អាច​ថា ​ជា​សំណាង​នឹង​និស្ស័យ​ផង​នោះ ​ត្រូវ​បាន​ថៅកែ​ដីឡូតិ៍​​ដែល​ខ្លួន​ទិញ​នេះ ​ពេញ​ចិត្ត​ឲ្យ​ធ្វើ​ជា​ភ្នាក់ងារ​លក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​លោក ជា សុផល អ្នក​ជំនួញ​ដីធ្លី​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​ធ្វើ​ទីផ្សារ​ដី​ឡូតិ៍​យ៉ាង​សកម្ម​ នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា។ ​​វ័យ​៣០​ឆ្នាំ លោក ជា សុផល មាន​ស្រុក កំណើត ភូមិ បង្អែក ឃុំ ស្វាយភ្លោះ ស្រុក ពាមជរ ខេត្ត ព្រៃវែង។ មាន​បង​ប្អូន​៦​នាក់ ​ប្រុស៤​ ស្រី២ ​ចំណែក​រូប​លោក​គឺ​កូន​​ពៅ ​នៅ​ក្នុង​គ្រួសារ ​ដែល​មាន​ឪពុក​ម្ដាយ ​ជា​អ្នក​លក់​កាហ្វេ។

ក្នុង​វ័យ​១៥​ឆ្នាំ ក្រុម​គ្រួសារ​​របស់​លោក​​បាន​ចាក​ចេញ​​​ពី​ស្រុក​កំណើត​ទាំង​គ្រួសារ មក​រស់​នៅ ស្រុក កៀនស្វាយ ម្ដុំ​ផ្សារដើមគរ ដោយ​ប្រកបរបរ​ជា​អ្នក​លក់​កាហ្វេ។ រៀន​មហាវិទ្យាល័យ​ផង ធ្វើ​ការងារ​ផង ដោយសារ​តែ​បញ្ហា​ជីវភាព ការ​សិក្សា​របស់​​យុវជន​រូប​នេះ​បាន​ត្រឹម​តែ​និស្សិត​ច្បាប់​ឆ្នាំ​ទី២​ប៉ុណ្ណោះ ក៏​សម្រេច​ឈប់​រៀន​វិញ។

កាល​នៅ​រៀន សុផល ​បាន​ស្នាក់​នៅ​ជាមួយ​បងធម៌​រាប់​អាន​គ្នា​ដូច​បង​ប្អូន​​បង្កើត​ដោយ​​ជួយ​ចេញ​ថ្លៃ​បន្ទប់​​ និង​ការ​ហូប​ចុក​។ លោក​ត្រូវ​ធ្វើ​ការងារ​ផង​រៀន​ផង។ ធ្វើ​ការ​ជា​អ្នក​​​បម្រើ​​សេវាកម្ម​​លក់ ហ្វីហ្សា ទទួល​បាន​ប្រាក់​​ក្នុង​​​មួយ​ខែ​៧០ ដុល្លារ ក្នុង​នោះ​លោក​ត្រូវ​​បង់​ថ្លៃ​ផ្ទះ​ជួល​ផង ហូប​ចុក​ផង នឹង សន្សំ​ទុក​បង់​ថ្លៃ​សាលា​ផង ដោយសារតែ​លំបាក​ខ្លាំង​​​ពេក​លោក​ក៏​សម្រេច​ឈប់​រៀន​ទាំង​សោកស្ដាយ។ ​ ក្រោយ​​សម្រេច​ឈប់​រៀន យុវជន​រូប​នេះ​បាន​បន្ត​​ធ្វើ​ការ​ជា​អ្នក​​​បម្រើ​​សេវាកម្ម​​លក់ ហ្វីហ្សា បាន​២ឆ្នាំ ក៏​ប្ដូរ​ការងារ​ជា​អ្នក​លក់​អាហារ​​​បំប៉ន​សុខភាព បាន​ខ្ទង់​២ឆ្នាំ ដោយ​ទទួល​បាន​ប្រាក់​ខែ​ខ្ទង់​៣០០ ដុល្លារ​ក្នុង​១ខែ ប៉ុន្តែ​ដោយសារ​តែ​​ចំណូល​ដែល​បាន​មក​នោះ ​ចាយ​មិន​គ្រប់ ក៏​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការងារ​នោះ ទៅ​បើក​លក់​ខោអាវ​ជា​មួយ​បង​ស្រី នៅ​ផ្សារ​គគីរ​។ ​

ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ ​យុវជន​រូប​នេះ​សន្សំ​ប្រាក់​មិន​បាន​១​ពាន់​ដុល្លារ​ផង ។ មក​លក់​​សំលៀក​​បំពាក់​ខណៈ​ដែល​ខ្លួន​ជា មនុស្ស​ប្រុស គឺ​​ដំបូង​ឡើយ​ពិបាក​សម្រប​បន្តិច ​ប៉ុន្តែ​ដោយ​មាន​បង​ស្រី ជា​អ្នក​ជួយ​ផ្ដួចផ្ដើម​ ដូច​ជា​ឲ្យ​​ប្រាក់​ខ្ចី ​និង​ជួយ​​ទិញ​ឥវ៉ាន់​ឲ្យ​ផង​នោះ ​សុផល​ អាច​ធ្វើ​បាន។

​​លក់​សំលៀក​បំពាក់​បាន​ប្រហែល​កន្លះ​ឆ្នាំ សន្សំ​ប្រាក់​បាន​​មួយ​ចំនួន​ ព្រម​ទាំង​ខ្ចី​បង​ស្រី​បន្ថែម ​សរុប​៤០០០ ដុល្លារ លោក សុផល បាន​សម្រេច​ទិញ​ដី​១ឡូតិ៍ ម្ដុំ​ផ្លូវ​ជាតិ​លេខ​៣ ក្បែរ​ផ្សារ​ព្រៃ​ទទឹង ដែល​ជា​គម្រោង​​របស់​ក្រុមហ៊ុន ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​កាល​ណោះ លោក​ឧកញ៉ា មិន​ទាន់​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ឡើយ។ ​គោល​បំណង​នៃ​ការ​ទិញ​នោះ គឺ​​ដើម្បី​ទុក​លក់​​​ចំណេញ ​នៅ​ថ្ងៃ​អនាគត។ អាច​ថា ​ជា​និស្ស័យ ឬ​អាច​ថា​ជា​សំណាង​ផង​នោះ ​ពេល​លោក​​យក​ប្រាក់​​​មក​កក់​ដី​នោះ លោក សុផល ប្រាប់​ថា ខ្លួន​បាន​ជួប​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ ក្នុង​នោះ​ដែរ លោក​បាន​ជជែក​គ្នា​លេង​​ពី​ទីផ្សារ​ដី ជា​មួយ​​​លោក​ឧកញ៉ា​ជា​ច្រើន​ម៉ោង​ នៅ​ក្រោម​ដើម​ឈើ​១​​លើ​ដី ​ដែល​លក់​នោះ ​ហាក់​ដូច​ជា ស៊ី​ចង្វាក់​គ្នា​ណាស់ ​លោក​​ក៏​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​តាំង​ពី​ពេល​នោះ​មក។

បន្ទាប់​ពី​ឃើញ​ឱកាស​​ទីផ្សារ​អចលនទ្រព្យ​អាច​ទទួល​បាន​ចំណូល​ច្រើន ​ហើយ​​ចំណេញ​ឆាប់ៗ សុផល បាន​សុំ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើ​ជា​​ភ្នាក់​ងារ​លក់​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​តែ​ម្ដង​។ ជា​មនុស្ស​មិន​ដែល​ធ្លាប់​ស្គាល់​គ្នា​កន្លង​មក​សោះ ហើយ​អាច​ថា ជា​និស្ស័យ​ គួប​ផ្សំ​នឹង​ភាព​ស្មោះត្រង់​ម៉ត់ចត់​នឹង​ការ​ផង​នោះ លោក សុផល ក៏​ត្រូវ​បាន​ឲ្យ​សាក​ល្បង ធ្វើ​ជា​ភ្នាក់ងារ​លក់ ដោយ​ទទួល​បាន​កម្រៃ​ភាគ​រយ​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា។

ពេល​ប្រលូក​​​ក្នុង​វិស័យ​ដីឡូតិ៍​ លោក សុផល កាន់​តែ​ឃើញ​ច្បាស់​នូវ​ឱកាស​ ហើយ​ក៏​សម្រេច​ចិត្ត​ឈប់​រក​ស៊ី​លក់​សំលៀកបំពាក់​ មក​ធ្វើ​ជា​ភ្នាក់ងារ​លក់​​ពេញ​ទំហឹង​តែ​ម្ដង។ សុផល ធ្វើ​ការ​ងារ​នេះ មិន​ខ្លាច​ក្តៅ​ ខ្លាច​រងា ខ្លាច​​លើស​ម៉ោង​ឡើយ។​ ឃើញ​ដី​ឬ ផ្ទះ​កន្លែង​ណា អាច​ចំណេញ​ឆាប់ លោក​តែង​តែ​ទិញ​ទុក ​ហើយ​លក់​វិញ ក្នុង​រយៈពេល​១​ខែ​ទៅ​២ បន្ទាប់​វិញ។ យុទ្ធសាស្ត្រ​នេះ បាន​ធ្វើ​ឲ្យ​លោក រក​ប្រាក់​បាន​កាន់តែ​ច្រើន ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ជា​ខ្លាំង។ ជា​ភ្នាក់ងារ​លក់​​ ជួប​ផ្សំ ធ្លាប់​ធ្វើ​ការ​ជា​អ្នក​លក់​ផលិតផល​កន្លង​​ផង​នោះ បាន​ធ្វើ​ឲ្យ​ សុផល ស្គាល់ អតិថិជន​កាន់​តែ​ច្រើន​ឡើង​ៗ។

អតិថិជន​ដែល​​លោក​ណែនាំ​ទិញ ដី​ឬ​ផ្ទះ​ចំណេញ​ម្ដង​ហើយ តែងតែ​ចង់​ទិញ​តាម​លោក​ជា​​បន្តបន្ទាប់ នៅ​ពេល​ដែល​លោក​ណែនាំ​ពី​គម្រោង​ថ្មី ហើយ​​នេះ​គឺ​ឱកាស​​​មាស​របស់​លោក។ ដើរ​លើ​វិស័យ​​អចលនទ្រព្យ​​មិន​​បាន​ប៉ុន្មាន​ផង ​បាន​ធ្វើ​ឲ្យ​ជីវភាព លោក សុផល ​ប្រែ​ប្រួល​១៨០ដីគ្រេ ​។ ​លោក បាន​ប្ដូរ​​ពី​ ការ​ជិះ​​ម៉ូតូ កញ្ចាស់​ទៅ​ជា រថយន្ត​​មួយ​​ហើយ ​មួយ​ទៀត ​មិន​ត្រឹម​តែ​​ប៉ុណ្ណោះ ​លោក​​បាន​ទិញ​ផ្ទះ នឹង​ដី ទុក​បាន​ជា​ច្រើន​កន្លែង។ អ្នក​ភូមិ​ក៏​ដូច​មិត្តភ័ក្ដិ ដែល​​ធ្លាប់​មើល​ងាយ ក្រុម​គ្រួសារ​លោក​ក៏​ដូច​ជា​រូប​លោក ពេល​ឃើញ​​សេដ្ឋកិច្ច​យុវជន​រូប​នេះ កាន់​តែ​ប្រសើរ​ឡើង​ៗ ក៏​​ចាប់​ផ្ដើម ផ្ដល់​តម្លៃ នឹង​​ព្យាយាម បង្ហាញ​ទំនាក់ទំនង​ល្អ​ជា​មួយ។

ថ្មីៗ​នេះ​យុវជន​ដែល រៀន​មិន​ចប់​មហាវិទ្យាល័យ ហើយ​សម្រេច​ចិត្ត ងាក​មក​ទីផ្សារ​អចលនទ្រព្យ​នេះ​​រយៈ​ពេល​ខ្លី​ទទួល​បាន​ផ្លែផ្កា​គួរ​ជាទី​មោទន​​​បើក​ភ្នាក់ងារ​អចលនទ្រព្យ​​ជា​មួយ​មិត្តភ័ក្ដិ​ឈ្មោះ​ថា​ សុផល ឈាង​​ ឡេង អចលនទ្រព្យ​ (SL Real Estate) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ កន្លង​មក​នេះ។​ លោក​បាន​ផ្តាំ​ផ្ញើ​ទៅ​យុវជន​កុំ​អស់​សង្ឃឹម​ មិន​ត្រូវ​មើល​ងាយ​សមត្ថភាព​​ខ្លួន​​ឡើយ​។ យុវជន​តែ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​នឹង​ត្រូវ​ចេះ​សម្លឹង​មើល​ឃើញ​ឱកាស​​ទើប​ទទួល​ជោគជ័យ​៕

ប្រភព៖ Sabay