អ្នកជំនាញអះអាងថា ដីធ្លីតំបន់អរិយក្សត្រជាពេលត្រូវឡើងថ្លៃបន្ថែម បន្ទាប់ពីគម្រោងស្ពានអរិយក្សត្រចាប់ផ្តើម

ជុំវិញ​ឧកញ៉ា

កម្ពុជាឈានមួយជំហានធំ ជាមួយនឹងគម្រោងសាងសង់ស្ពាននៅតំបន់អរិយក្សត្រ ដែលត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងនៅព្រឹកនេះប្រកាសសម្រេចតាមសំណើររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយកសាងស្ពាននៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផាក ហ៊ឹងឃ្យុត ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានអះអាងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី៣ មករានេះ ពីខេត្តកោះកុងថា៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។

លោក ផាក ហ៊ឹងឃ្យុង បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។

 ការសាងសង់ស្ពានមិត្តភាពកូរ៉េ-កម្ពុជានៅពេលនេះ ត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យរំពឹងថានឹងជំរុញឱ្យវិស័យអចលនទ្រព្យនៅតំបន់នោះកាន់តែរីកចម្រើនយ៉ាងលឿន។ ទន្ទឹមនឹងនោះ អចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិស ក៏នឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនរស់នៅ។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ បានថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា៖ “ដីធ្លីនៅតំបន់អរិយក្សត្រវាជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញមានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបញ្ហាការលំបាកក្នុងការធ្វើដំណើរចរាចរណ៍។ បើគ្មានស្ពានទេយើងត្រូវការពេលវេលាយរក្នុងការឆ្លងសាឡង”។

លោកគូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍន៍រីកចម្រើនលឿន ដោយសារមានស្ពាន។ លោកថា ការអភិវឌ្ឍន៍ត្រូវដឹកគ្រឿងចក្រ ឧបករណ៍សម្ភារៈសំណង់ជាច្រើន។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥  របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។

ទោះយ៉ាងណាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានវាយតម្លៃថា តម្លៃអចលនទ្រព្យក្រោយចប់កូវីដ-១៩ នៅប្រទេសកម្ពុជាជារួមនឹងមានការឡើងថ្លៃ  ជាពិសេសអចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិសនឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនចំនួនប្រជាជនរស់នៅ និងសង្វាក់ផលិតកម្ម ពាណិជ្ជកម្មនៅតំបន់នោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ។

ត្រឡប់មកវិញ ឧកញ៉ា ឃាង ពុទ្ធី បានបញ្ជាក់ថា៖ “តើពេលណាគម្រោងនោះនឹងចាប់ផ្តើមឲ្យពិតប្រាកដ នៅពេលដែលយើងនិយាយដូច្នេះខ្លាចប្រជាជនគាត់យល់ច្រឡំហើយធ្វើការវិនិយោគមុនហើយរង់ចាំយូរ…”។ ប៉ុន្តែលោកបានណែនាំថា មុនវិនិយោគកន្លែងណាមួយយើងអត់អាចពឹងតែទៅលើព័ត៌មានអ្វីមួយនោះទេ តែត្រូវមើលភាពជាក់ស្តែងជាមុន ប្រសិនបើតំបន់នោះមានស្ពានរង់ចាំមើលបន្តិចទៅក៏មិនយឺតពេល។ លោកបន្តថា នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមធ្វើហើយដាក់គ្រឿងចក្របុកគ្រឹះសាងសង់យើងទៅវិនិយោគក៏មិនទាន់យឺតពេលដែរ។

ជាមួយគ្នានេះ លោកគូសបញ្ជាក់បន្ថែមទៀតថា៖ “យើងមិនត្រូវប្រើយុទ្ធសាស្រ្តរង់ចាំទឹកភ្លៀងនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺយើងត្រូវមើលទីតាំងណាដែលអភិវឌ្ឍន៍ពិតប្រាកដ ព្រោះប្រសិនបើយើងចូលចិត្តបង្កើតព័ត៌មានហើយឲ្យប្រជាជនផ្អើលទៅទិញដោយមិនមានការអភិវឌ្ឍន៍ពិតប្រាកដនិងច្បាស់លាស់ ចុងក្រោយប្រជាជនគឺកប់ទុនវិនិយោគ មិនតែប៉ុណ្ណោះវាក៏អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលផងដែរ”៕