រដ្ឋបាលរបស់ ប្រធានាធិបតី Joe Biden បានធ្វើការប្រកាស កាលពីថ្ងៃសៅរ៍ទី ១ ខែមករា ថាខ្លួនបានសម្រេចដកប្រទេសអេត្យូពី ម៉ាលី និងហ្គីណេ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាហ្វ្រិក ដោយនិយាយថា សកម្មភាពរបស់រដ្ឋាភិបាលប្រទេសទាំង ៣ នេះ គឺបានបំពានទៅលើគោលការណ៍នៃកិច្ចព្រៀមព្រៀងនេះ ។
ជាក់ស្តែងអ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗថា ៖ ” ថ្ងៃនេះ សហរដ្ឋអាមេរិកបានបញ្ឈប់ ប្រទេសអេត្យូពី ម៉ាលី និងហ្គីណេ ពីកម្មវិធីអនុគ្រោះពាណិជ្ជកម្ម AGOA ដោយសារតែសកម្មភាព ដែលបានធ្វើឡើងដោយរដ្ឋាភិបាលរបស់ប្រទេសទាំងនោះ បានបំពានទៅលើលក្ខន្តិក: របស់ AGOA” ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបង្ហាញទៀតថា ៖ ” សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរ ដែលមិនស្របទៅតាមរដ្ឋធម្មនុញ្ញនៅក្នុងរដ្ឋាភិបាលប្រទេសហ្គីណេ និងម៉ាលី។ មួយវិញទៀតអាមេរិក ក៏មានការព្រួយបារម្ភខ្លាំងផងដែរ ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយរដ្ឋាភិបាលនៃប្រទេសអេត្យូពី និងភាគីផ្សេងទៀត ចំពេលមានជម្លោះ កាន់តែធំទូទាយ នៅភាគខាងជើងនៃប្រទេសមួយនេះ ” ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងអាហ្វិ្រក ដែលគេប្រសិទ្ធិនាមថា កំណើនសេដ្ឋកិច្ច និងប្រយោជន៍នៅអាហ្វ្រិក (African Growth and Opportunity Act ) ឬហៅកាត់ AGOA ត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០០០ ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Bill Clinton ដើម្បីជួយសម្រួល និងគ្រប់គ្រងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសនៅទ្វីបអាហ្វ្រិក ។
បន្ថែមពីនេះ ប្រទេសដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង AGOA គឺផលិតផលអាហ្វ្រិករាប់ពាន់ អាចទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធនាំចូល ក្រោមលក្ខខណ្ឌ ដែលត្រូវបានបំពេញ ទាក់ទងនឹងសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការការពារទៅលើកម្មករ ក៏ដូចជាទទួលបានការអនុគ្រោះទៅលើការហាមឃាត់ពន្ធគយ សម្រាប់ផលិតផលអាមេរិក ទៅលើទឹកដីរបស់ពួកគេផងដែរ ។
បញ្ជាក់ផងដែរថា យោងតាមគេហទំព័រ USTR បានបង្ហាញថា នៅឆ្នាំ ២០២០ ប្រទេសចំនួន ៣៨ មានសិទ្ធិទទួលបានកិច្ចព្រមព្រៀង AGOA ។ ខណ:កិច្ចព្រៀមព្រៀងនេះ ត្រូវបានធ្វើទំនើបកម្មនៅក្នុងឆ្នាំ ២០១៥ ដោយសភាសហរដ្ឋអាមេរិក ដែលបានបន្តកម្មវិធីរហូតដល់ឆ្នាំ ២០២៥ ឯណោះ ៕
ប្រភព: CNA