សម្តេច ហ៊ុន សែន៖ ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ មិនចាញ់ខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលខាងមុខ ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។ នេះជាការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង ១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី៣ ធ្នូ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ ការសាងសង់ផ្លូវជាតិលេខ៤៨នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់ តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។ ជាមួយគ្នានេះសម្តេចបានថ្លែងរំលឹកថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ តែដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុងមកខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្រ្តីបានបង្ហាញនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាកមកមានការអភិវឌ្ឍរីកចម្រើន។ សម្តេចថ្លែងបញ្ជាក់ថា សុខសន្តិភាព គឺជាកត្តាដ៏សំខាន់នាំឱ្យសម្តេចបានកសាង និងអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ទៀត។ សូមជម្រាបថា ផ្លូវជាតិលេខ៤៨ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏មានសក្តានុពល៕