សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ទ្រង់ឡាយព្រះហស្តលេខា ត្រាស់បង្គាប់តែងតាំង លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បច្ចុប្បន្នជាអនុរដ្ឋលេខាធិការ និងជានាយករងមជ្ឈមណ្ឌល គាំពារមាតា និងទារកនៃក្រសួងសុខាភិបាល។
លោកស្រីត្រូវបានស្គាល់ថា ជាវេជ្ជបណ្ឌិតខ្មែរម្នាក់ដែលមានជំនាញច្បាស់លាស់ខាងស្រ្តី ទារក និងកុមារ ហើយកន្លងមកលោកស្រីបានចូលរួមធ្វើការជាមួយអង្គការអន្តរជាតិជាច្រើនដើម្បីគាំពារទារ-កុមារ ក្នុងការផ្សព្វផ្សាយឲ្យឈ្វេងយល់កាន់ច្បាស់ពីការប្រើប្រាស់អាហារូបត្ថម្ភមិនត្រឹមត្រូវ ដល់ទារក-កុមារ និងការប្រើប្រាស់ម្សៅទឹកដោះគោសិប្បនិម្មិតជាដើម។
សូមជម្រាបថា នៅថ្ងៃទី៣១ ខែធ្នូ ថ្ងៃឆ្លងឆ្នាំសកល ២០២២ ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យផ្ដល់ឋានៈដល់ឥស្សរជនពីររូប ជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺលោក សឹង សំណាង មានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកកាន់តួនាទីជានាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស ទទួលបន្ទុកលើការងារគ្រប់គ្រងបញ្ជាផ្ទាល់កងទ័ពជើងអាកាស និងបញ្ជាការដ្ឋានការពារអាកាកាស និងលោក ឈួន ថាវរិន្ទ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកមានងារជាឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងអាកាស នៃអគ្គបញ្ជាការដ្ឋាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕