នាយករដ្ឋមន្ត្រីសម្រាប់នាពេលអនាគត លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានអះអាងថា ប្រទេសណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ តែងស្រលាញ់ចង់បានសុខសន្តិភាពដូចគ្នា ព្រមទាំងលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីហេតុផលមួយនេះ។ លោកថា ជាទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការចូលរួមចំណែកថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ទោះត្រូវបង់តម្លៃណាក៏ដោយ។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងអះអាងបែបនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញយោធា នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ មករានេះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កត្តាចាំបាច់ ដែលជាភារកិច្ចស្នូលមួយទៀត គឺការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ និងអន្តរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ សម្រាប់តំបន់ និងពិភពលោក។ លោកបន្តថា កិច្ចការនេះ គឺជាភារកិច្ចអាទិភាពដែលគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែងបានយកចិត្តទុកដាក់ និងអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីការពារអ្នកកាន់ចង្កូតដឹកនាំនាវាជាតិ និងជោគវាសនាជាតិ។
បើតាមលោកហ៊ុន ម៉ាណែត ជាជំហានថ្មីមួយទៀតនៃចក្ខុវិស័យនៃគោលនយោបាយការពារជាតិ គឺការកំណត់យកទិសដៅក្នុងការធ្វើទំនើបកម្មកងទ័ពហើយដំណើរការទំនើបកម្មនេះ នឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត នៃកិច្ចការកែទម្រង់កងទ័ព ដែលបាននិងកំពុងអនុវត្តដោយសម្រេចបានសមិទ្ធផលជាច្រើនរួចមកហើយ រហូតមកទល់បច្ចុប្បន្ននេះ។
លោកមេបញ្ជាការកងទ័ពជើងគោករូបនេះបានគូសបញ្ជាក់ថា ក្រោមម្លប់នៃនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចនាយករដ្ឋមន្ត្រី ជាស្ថាបនិក កត្តាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្នជាដំណាក់កាលដ៏សុខសាន្តមួយដែលកើតមានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សន្តិភាព នៅទីនេះ ត្រូវបានបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាតគលោក ហ៊ុន ម៉ាណែត សំដៅដល់បរិយាកាសគ្រប់ដណ្តប់ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ដែលផ្តល់នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ដោយគ្មានការព្រួយបារម្ភឬការភ័យខ្លាចអំពើអសន្តិសុខ និងសង្គ្រាម។ លោក ហ៊ុន ម៉ាណែត ចាត់ទុកថាទាំងនេះ គឺជាសិទ្ធិអំណាច និងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹងសុបិន្តចង់បានជាង ៥០០ឆ្នាំ មកហើយ។ ដូច្នេះយើងត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវអំណោយពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត៕