មានការលើកឡើងជារឿយៗពីពន្ធអាករ ហើយក៏មានការស្រពិចស្រពលលើអត្ថន័យនិងការប្រើប្រាស់ពាក្យបច្ចេកទេសនេះ។
ឧកញ៉ាញូសន៍ សូមពន្យល់ពីការប្រើប្រាស់និងខ្លឹមសារនៃពាក្យពន្ធ និងអាករដើម្បីជាចំណេះដឹងបន្ថែម។
លក្ខណៈដូចគ្នា៖
ពាក្យពន្ធ និងអាករ មានន័យទូទៅដូចគ្នា គឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋនិងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជូនរដ្ឋទៅតាមច្បាប់កំណត់។
លក្ខណៈខុសគ្នា៖
ពាក្យពន្ធសំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយផ្ទាល់។ និយាយឲ្យងាយយល់ ពន្ធមានន័យថា ពន្ធផ្ទាល់ឬបន្ទុកផ្ទាល់ ឬកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឲ្យបង់ផ្ទាល់ពីអ្នកជាប់ពន្ធ។
ឧទាហរណ៍៖
១. ពន្ធលើប្រាក់បៀវត្ស ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីអ្នកជាប់ពន្ធ
២. ពន្ធលើប្រាក់ចំណេញជាពន្ធផ្ទាល់ព្រោះត្រូវទារផ្ទាល់ពីក្រុមហ៊ុន ឬអាជីវករ
៣. ពន្ធលើមធ្យោបាយ និងយានជំនិះ ជាពន្ធផ្ទាល់ ព្រោះត្រូវទារពីម្ចាស់យានជំនិះ។
ពាក្យ អាករ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជួនរដ្ឋទៅតាមច្បាប់កំណត់ដោយប្រយោល។ និយាយឲ្យងាយយល់ អាករ មានន័យថា ពន្ធប្រយោល ឬបន្ទុកប្រយោល ឬកាតព្វកិច្ចប្រយោល ដែល តម្រូវឲ្យបង់ដោយប្រយោលពីអ្នកជាប់ពន្ធ ។
ឧទាហរណ៍៖
១. អាករលើតម្លៃបន្ថែម ជាពន្ធប្រយោល ព្រោះត្រូវកំណត់តម្លៃបន្ថែមទៅលើទំនិញ ឬសេវា ដែលបានទិញពីអ្នកប្រើប្រាស់ចុងក្រោយ។
២. អាករពិសេសលើទំនិញ និងសេវាមួយចំនួនជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកប្រើប្រាស់ មិនមែនអ្នកផ្គត់ផ្គង់ទេ។
៣. អាករលើការស្នាក់នៅ ជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ មិនមែនបង់ដោយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទេ៕