ខណ្ឌចែកដោយទន្លេ តំបន់អរិយក្សត្រកំពុងមានការអភិវឌ្ឍដោយគម្រោងបុរីធំៗ ខណៈស្ពានឆ្លងភ្ជាប់ទៅតំបន់នេះកាន់តែខិតជិតនឹងបើការដ្ឋានសាងសង់នៅពេលខាងមុខ។
ស្វាយជ្រុំនិងអរិយក្សត្រមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាលភាគខាងកើតនៃទីក្រុងភ្នំពេញ បច្ចុប្បន្នអាចជិះនាវាចម្លងកាត់ទន្លេចតុមុខដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបន្តិចទៀតនឹងកសាងស្ពានតភ្ជាប់ ដែលថ្ងៃអនាគតនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មប្រកបដោយសក្ដានុពលមួយ ដោយសារវានៅជាប់នឹងមាត់ទន្លេ ហើយនៅកៀកទីក្រុងភ្នំពេញជាងគេ។
ជាក់ស្តែងនៅតំបន់នោះយើងឃើញ មានគម្រោងបុរីធំចំនួនពីរកំពុងអភិវឌ្ឍគឺបុរីចតុមុខសុីធី និងបុរីវីឡាទួលសង្កែ។
ក្រុមហ៊ុន BS Land and Home បានចាប់ផ្តើមបើកគម្រោងអភិវឌ្ឍបុរីចតុមុខស៊ីធីនៅឆ្នាំ២០១៦ មានទីតាំងក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកដល់គម្រោងទី ៣ និងមានការសាងសង់ខនដូរដែលមានផ្ទះរាប់រយយូនីតទៀត។
ចំណែកឯបុរីវីឡាទួលសង្កែអរិយក្សត្រ ក៏បានពង្រីកគម្រោងអភិវឌ្ឍបុរីនៅតំបន់អរិយក្សត្រក្បែរនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។ បុរីវីឡាទួលសង្កែអរិយក្សត្រ មានការសាងសង់វីឡាភ្លោះ ផ្ទះអាជីវកម្ម និងផ្ទះល្វែងម៉ូតថ្មីរាប់រយល្វែង។
តំបន់អរិយក្សត្រជាតំបន់មួយ ដែលមានការអភិវឌ្ឍន៍ខ្លាំងក្លា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះមានគម្រោងស្ពានតភ្ផាប់ពីជ្រោយចង្វារ (ស្វាយជ្រុំ) និងគម្រោងស្ពានទីពីរចេញពីផ្លូវជាលេខ១ (ក្ដីតាកុយ) ដែលផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរក៏ដូចជាការប្រកបមុខរបរផ្សេងៗ។ បន្ទាប់ពីគម្រោងស្ពានដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ៕