ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ នាំលុយជិត ១លានដុល្លារ ពីទីក្រុងហុងកុងចូលមកកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជនជាតិចិនដែលឃាត់ខ្លួនឈ្មោះ LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧១ កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥ ០០០ ដុល្លាអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
តាមការសាកសួរបឋម ជនសង្ស័យបានសារភាពថា បានចូលមកកម្ពុជាចំនួន០២ លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ មុខរបរនៅចិន ៖ ធ្វើការផ្នែកដេគ័រ សណ្ឋាគារ។
ជនសង្ស័យបន្តថា គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន។ ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះ ឡុង យៀក ក្នុងទីក្រុងហុងកុង នាំយកមកកម្ពុជា។
វត្ថុតាងដកហូតរួមមានៈ លិខិតឆ្លងដែនចិនចំនួន១ក្បាល។ ប្រាក់ចំនួន៨៥៥ ០០០ដុល្លារ ស្មើ៧២ដុំ។ ទូរសព្ទដៃចំនួន០១គ្រឿង និងកាបូបធំចំនួន០២៕