មូលធនទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងដល់ ៣ ទ្រីលានដុល្លារកាលពីថ្ងៃច័ន្ទ ហើយថ្វីបើឈានដល់ចំណុចកំពូលត្រឹមរយៈពេលខ្លីពិតមែន តែបើមើលឲ្យដិតដល់ទៅ មិនធ្លាប់មានក្រុមហ៊ុនណាដែលមានតម្លៃដល់ខ្ទង់ប៉ុណ្ណឹងនៅឡើយក្រៅពី Apple។
តម្លៃរបស់ក្រុមហ៊ុនសរុបរបស់ Apple ដែលហក់ឡើងដល់ ៣ ទ្រីលានដុល្លារ អាចនិយាយបានថា ជាភាពជោគជ័យបំផុតមួយរបស់ Apple ដ្បិតមូលធនទីផ្សាររបស់ពួកគេវិវត្តយ៉ាងរហ័ស ពោលកាលពី ៣ ឆ្នាំមុនមានតម្លៃ ១ ទ្រីលាន ហើយកាលពីឆ្នាំទៅមានតម្លៃ ២ ទ្រីលានដុល្លារ។
ភាពជោគជ័យធំចំបងរបស់ Apple គឺជាការលក់នូវទូរស័ព្ទ iPhone ដែលជាចំណុចចាប់ផ្ដើមនៃការកែប្រែវិស័យទូរស័ព្ទឆ្លាតវៃ ស្របពេល Apple នៅតែបន្តទទួលបានទឹកប្រាក់ធំសម្បើមពីការលក់ iPhone និងផលិតផលជាច្រើនមុខទៀត។ ជាលទ្ធផលពួកគេទទួលបានចំណូលខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ត្រីមាសទី ៤ នៃឆ្នាំ ២០២១ ប្រមាណជិត ៨៥ ពាន់លានដុល្លារ។
បញ្ជាក់ដែរថា តម្លៃសរុបរបស់ក្រុមហ៊ុន Apple ៣ ទ្រីលានដុល្លារនេះគឺមានត្រឹមរយៈពេលខ្លីកាលពីថ្ងៃច័ន្ទ ដែលគ្រានោះតម្លៃហ៊ុនរបស់ពួកគេគឺ ១៨២,៨៨ ដុល្លារ ស្របពេលគិតត្រឹមម៉ោង ៩ និង៤០ នាទីព្រឹកនៅកម្ពុជាគឺមានតម្លៃ ១៨២,០១ ដុល្លារ/ហ៊ុន ខណៈមូលធនទីផ្សារគឺ ២,៩៩ ទ្រីលានដុល្លារ៕
ប្រភព: theverge