នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី៤នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារតាមទូរសព្ទជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។
សម្តេច ហ៊ុន សែន បានសម្ដែងនូវការកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ី ក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ាន. ដូចជាពេលថ្មីៗនេះឥណ្ឌូនេស៊ី បានផ្តល់ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន ក៏ដូចជាការរៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ានឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ១៩ រាតត្បាត។
នៅក្នុងជំនួបតាមទូរសព្ទនេះ លោក Joko Widodo បានអបអរសាទរ និងគាំទ្រចំពោះកម្ពុជាដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ លោកថា លោកនឹងគាំទ្រសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ធ្វើយ៉ាងណាអោយទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានគាំទ្រកម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ៕