កំពង់ផែតម្លៃជាង ១ ពាន់លានដុល្លារ ចាប់ផ្តើមសាងសង់ក្នុងប្រទេសសេណេហ្គាល់ ក្រោមការវិនិយោគរបស់អារ៉ាប់រួម

អន្តរជាតិ

កាលពីថ្ងៃច័ន្ទទី ៣ ធ្នូ ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall បានបង្ហាញវត្តមានក្នុងកម្មវិធីបុកគ្រឹះសាងសង់កំពង់ផែទឹកជ្រៅ តម្លៃ ១,១៣ ពាន់លានដុល្លារ ដែលជាការអភិវឌ្ឍដោយក្រុមហ៊ុនរដ្ឋឌូបៃ DP ​World ស្ថិតនៅក្នុងតំបន់ Ndayane មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីភាគខាងត្បូងរដ្ឋធានី Dakar ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sall បាននិយាយនៅក្នុងឱកាសនោះថា ក្រុមហ៊ុន DP World Dakar ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនផ្តល់សេវាភស្តុភារ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ និងអាជ្ញាធរកំពង់ផែ Dakar (PAD) គឺជាការវិនិយោគឯកជនដ៏ធំបំផុត នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ។

មិនតែប៉ុណ្ណោះ លោក Sall និយាយទៀតថា ៖” យើងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចរបស់យើង ជាមួយនឹងគម្រោងដ៏ធំមួយនេះ ” ។

យ៉ាងណា ក្រុមហ៊ុន DP World បាននិយាយថា ដំណាក់កាលទី ១ នៃគម្រោងនេះ នឹងរួមបញ្ចូលទាំងការសាងសង់ផ្លូវគោកប្រវែង ៨៤០ ម៉ែត្រ និងចំណតលើផ្ទៃសមុទ្រមានបណ្តោយប្រហែល ៥ គីឡូម៉ែត្រ ដែលនឹងត្រូវរចនាឡើង សម្រាប់ការចតនាវាប្រវែង ៣៦៦ ម៉ែត្រ ខណ:ដំណាក់កាលទី ២ នៃគម្រោងនេះវិញ ក្រុមហ៊ុននឹងបន្ថែមច្រកចូលកុងតឺន័រប្រហែល ៤១០ ម៉ែត្រ និងការបូមខ្សាច់បន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យនាវាមានប្រវែង ៤០០ ម៉ែត្រ ចូលចុះចតបាន ។

លើសពីនេះ ប្រធានក្រុមហ៊ុន DP World លោក Sultan Ahmed bin Sulayem បាននិយាយថា ក្រុមហ៊ុនរបស់លោក នឹងអភិវឌ្ឍ និងដំណើការធ្វើចំណតកុងតឺន័រ ទំហំ ៣០០ ហិកតា ក៏ដូចជាហិរញ្ញវត្ថុ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងសមុទ្រ ផងដែរ ៕

ប្រភព: KeloNews