គេហទំព័រផ្លូវការរបស់ក្លឹបបាល់ទាត់ Southampton បានប្រកាសជាសាធារណៈថា បច្ចុប្បន្នក្រុមនៅអង់គ្លេសមួយនេះគឺលែងស្ថិតក្រោមការគ្រប់គ្រងរបស់សេដ្ឋីចិនទៀតហើយ ពោលគឺត្រូវបាន Sport Republic ទិញបន្ត ដោយមានមហាសេដ្ឋី Dragan Solak ជាអ្នកជ្រោមជ្រែង។
ក្លិប Southampton ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកជំនួញជនជាតិចិន Jisheng Gao ដែលលោកបានទិញភាគហ៊ុនដល់ទៅ ៨០% កាលពីឆ្នាំ ២០១៧ ហើយប៉ុន្មានឆ្នាំក្រោយលោកក៏សម្រេចលក់ភាគហ៊ុនទាំងអស់ទៅកាន់ក្រុមហ៊ុន Sport Republic ស្របពេលអ្នកស្រី Katharina Liebherr នៅបន្តគ្រប់គ្រងចំណែក ២០% ដែលនៅសល់ដដែល។
ថ្លែងនៅក្នុងសារព័ត៌មានមួយ Solak និយាយ៖ “ខ្ញុំ និងដៃគូជំនួញមានបទពិសោធន៍ជោគជាំជាមួយនឹងការវិនិយោគលើវិស័យកីឡារយៈពេលយូរអង្វែង និងវិស័យកម្សាន្តនានា ហើយ Sport Republic គឺបង្កើតឡើងដើម្បីចក្ខុវិស័យទាំងអស់នេះ និងផ្ដល់ឲ្យអតិថិជននូវចំណីអារម្មណ៍ប្លែកពីគេ”។
” Southampton គឺជាក្លឹបដែលមានសមត្ថភាពសំបូរបែប ដែលពួកយើងព្យាយាមរកនៅគ្រប់ស្ថាប័នកីឡាជាច្រើន។ នៅទីនេះមានការគ្រប់គ្រងដ៏ល្អ ការវិវត្តទេពកោសល្យកីឡាករក៏ល្អ ការសាមគ្គីជាក្រុមក៏ល្អ និងជាពិសេសគឺក្រុមអ្នកគាំទ្រដែលស្ម័គ្រស្មោះ”។
បញ្ជាក់ដែរថា មហាសេដ្ឋីសែប៊ីបានចំណាយលុយប្រមាណ ២០៣ លានដុល្លារសម្រាប់ការទិញភាគហ៊ុន ៨០% ពីអ្នកជំនួញចិន ស្របពេលទ្រព្យសម្បត្តិសរុបរបស់លោកគឺ លោកអះអាងថាមានច្រើនជាង ១ ពាន់លានដុល្លារ និងជាម្ចាស់ភាគហ៊ុននៅក្រុមហ៊ុនច្រើនជាង ១០០ ក្រុមហ៊ុនទូទាំងពិភពលោក៕
ប្រភព: the42