អតីត​មហាសេដ្ឋី​ស្រី​ក្មេង​បំផុត​លើ​លោក ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ ៨០ ឆ្នាំ ពីបទ​ឆបោក

អន្តរជាតិ

ស្ត្រី​ដែល​ធ្លាប់​ត្រូវ​បាន​ទស្សនាវដ្ដី Forbes ដាក់​រហស្សនាម​ឲ្យ​ថា ជា​មហាសេដ្ឋី​ស្រី​ក្មេង​បំផុត​ដែល​រកស៊ី​ពី​បាតដៃ​ទទេ​កាលពី​ឆ្នាំ ២០១៥ កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ដល់ទៅ ៨០ ឆ្នាំ បន្ទាប់​ពី​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ និង​រំលោភ​ទំនុកចិត្ត​វិនិយោគិន​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់​ពី​ឡើង​តុលាការ​អស់​ពេល​ជាយូរ ស្ថាបនិក​ Theranos អ្នកស្រី Elizabeth Holmes រង​ការ​ចោទ​ប្រកាន់ ៤ ករណី​ក្នុង​ចំណោម ១១ ករណី ​លើ​ការ​ឆបោក​ទំនុកចិត្ត​វិនិយោគិន។

បើ​តាម​ការ​ឲ្យ​ដឹងពី​​មេធាវី​ ស្ត្រី​វ័យ ៣៧ ឆ្នាំ​បាន​កុហក​ក្រុម​វិនិយោគិន​ដែល​បណ្ដាក់ទុន​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៥ ថា ក្រុមហ៊ុន​ Theranos នឹង​អាច​ផ្ដល់​លទ្ធផល​ពិនិត្យ​ឈាមបាន​​ភ្លាមៗ ដោយ​គ្រាន់តែ​ដាក់​ឈាម​ ២ ឬ៣ តំណក់​ តែ​ជាក់ស្ដែង​​មិន​ដូចអ្វី​ដែល​បាន​អះអាង​ឡើយ។

បើ​តាម​ច្បាប់​​ស្ថាបនិក​ក្រុមហ៊ុន Theranos អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៨០ ឆ្នាំ តែ​អាច​នឹង​មាន​ករណី​បន្ធូរបន្ថយ​ខ្លះ។

យ៉ាងណា បើ​ក្រឡេក​ទៅ​មើល​សាលក្រម​នៅ​ទីក្រុង San Jose រដ្ឋ California កាលពី​ខែកញ្ញា​កន្លង​ទៅ អតីត​បុគ្គលិក Theranos ជាច្រើន​នាក់​បាន​អះអាង​ថា ពួកគេ​សម្រេច​ចិត្ត​លាឈប់​ពី​ក្រុមហ៊ុន ក្រោយ​យល់ឃើញ​ថា​បច្ចេកវិជ្ជា​របស់​ពួកគេ​មាន​ភាព​មិន​ប្រក្រតី ស្របពេល​ថ្នាក់លើ​មិន​អើពើ​នឹង​បញ្ហា​ទាំងនេះ ដោយ​នៅ​បន្ត​យក​ម៉ាស៊ីន​ទាំងនោះ​មក​ធ្វើ​អាជីវកម្ម​ដោយ​ឥត​ខ្វល់ខ្វាយ។

“នាង​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​រំលោភ​ទំនុក​ចិត្ត​ និង​ឆបោក ជាជាង​ប្រកាស​ពី​បញ្ហា​ក្រុមហ៊ុន។ នាង​សម្រេច​ចិត្ត​បំពាន​ទំនុក​ចិត្ត​អ្នក​ដទៃ ហើយ​ការ​សម្រេចចិត្ត​បែបនេះ​គឺ​មិនត្រឹម​តែ​ជា​ការ​សម្រេចចិត្ត​អាក្រក់​ឡើយ គឺ​វា​ជា​បទ​ឧក្រិដ្ឋ”។ នេះ​បើ​តាម​សម្ដី​របស់​ជំនួយការ​មេធាវី​អាមេរិក​ Jeff Schenk បាន​និយាយ​នៅ​ក្នុង​សាលក្រម។

យ៉ាងណា អ្នកស្រី Elizabeth ក៏​បាន​ចេញ​មុខ​ការពារ​ខ្លួនឯងដោយ​អះអាង​ថា អ្នកស្រី​គ្មាន​បំណង​បោកប្រាស់​អ្នកណា​ឡើយ ហើយ​លទ្ធផល​ដែល​ចេញ​មក​ខុស​ប្រក្រតី​ក៏​មិនមែន​ជា​ទំនួល​ខុសត្រូវ​របស់​អ្នកស្រី​ដែរ ពោល​គឺ​ជា​ការ​រ៉ាប់រង​ពី​សំណាក់​ថ្នាក់​គ្រប់គ្រង​មន្ទីរពិសោធន៍ Theranos តែ​ប៉ុណ្ណោះ៕

ប្រភព: Mirror