យោងតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកមួយបានលើកពីមហាសេដ្ឋី ដែលធ្លាប់ជាបុគ្គលមានបំផុតនៅចក្រភពអង់គ្លេសបានបាត់បង់ទ្រព្យសម្បត្តិអស់រលីង និងធ្លាប់រស់នៅជាមួយលុយក្នុងកុងធនាគារ ១៣៥ ដុល្លារ។
កាលពីឆ្នាំ ១៩៩៨ បុរសដែលមានឈ្មោះ Rob Lloyd បានបង្កើតក្រុមហ៊ុនអចលនទ្រព្យ Eatonfield Group ដែល ៨ ឆ្នាំក្រោយបានជាប់ចូលបញ្ជីផ្សារហ៊ុន London Stock Exchange ដែលគ្រានោះមានតម្លៃប្រមាណ ៥០ លានដុល្លារ ហើយលោកបានចំណាយប្រមាណជិត ១១ លានដុល្លារលើការសាងសង់ទីលានប្រណាំងសេះ ទិញសេះ និងទិញចម្ការជាច្រើន។
រំលងបាន ៣ ឆ្នាំ Rob Lloyd បានបង្ហាញវត្តមានលើកម្មវិធីកញ្ចក់ទូរទស្សន៍អង់គ្លេស The Secret Millionaire ដែលពេលនោះលោកមានចំណូលប្រចាំឆ្នាំប្រមាណ ៤៧២ ០០០ ដុល្លារ។
តែអ្វីៗបានរលាយត្រឹមមួយពព្រិចភ្នែក ពោលនៅឆ្នាំ ២០១១ បន្ទាប់ពីពិភពលោកជួបប្រទះវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ២០០៨ លោក Lloyd ត្រូវជួបវិបត្តិផ្ទួនៗ ដោយក្រុមហ៊ុនត្រូវប្រកាសក្ស័យធន ស្របពេលលោកត្រូវបានគេឆបោកនៅពេលទិញដីនៅប្រទេស Bahamas ថែមទៀត។
“វាកើតឡើងភ្លាមៗ ខ្ញុំបានសាងសង់អ្វីៗដោយខ្លួនឯង និងទទួលភាពជោគជ័យបានយ៉ាងរហ័ស តែត្រឹមមួយពព្រិចភ្នែក គ្មានអ្នកណាដឹងឡើយថា គ្រប់យ៉ាងនឹងប្រែទៅជាបែបនេះ”។
ថ្វីបើអតីតកាលហាក់ដូចជាឃោរឃៅសម្រាប់បុរសរូបនេះ តែលោកមិនបានបោះចោលក្ដីសង្ឃឹមឡើយ ពោលក្នុងរយៈកាល ១០ ឆ្នាំចុងក្រោយ លោកបានលះបង់ស្ទើរតែទាំងអស់សម្រាប់ក្រុមហ៊ុន Bearmont Group ដែលជាក្រុមហ៊ុនមួយទៀតរបស់លោក និងមានប្រតិបត្តិការដូចនឹង Eatonfield Group ដែរ។
បច្ចុប្បន្ន Rob កំពុងតស៊ូជាមួយនឹងជំងឺមហារីកដែលរកឃើញកាលពីឆ្នាំ ២០១៩ ខណៈទ្រព្យសម្បត្តិរបស់លោកតាមការសន្និដ្ឋានមានប្រហែល ១ លានដុល្លារ។ ជាចុងក្រោយ ប្រសិនបើមិនមានវិបត្តិសេដ្ឋកិច្ចពិភពលោក ២០០៨ ទេ ម៉្លេះទ្រព្យសម្បត្តិរបស់ Rob ប្រហែលមិនត្រូវបាត់បង់ ថាមិនត្រូវអាចនឹងចូលដល់ខ្ទង់ពាន់លានដុល្លារផង៕
ប្រភព: parisbeacon