ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២២) របស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
មរតកនៃចំណងស្នេហ៍ដ៏ស្មោះសនេះ បច្ចុប្បន្ននេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបុត្រចំនួន ៥ នាក់ (ប្រុស ៣ នាក់ ស្រី ២នាក់) និងមានចៅ ២២ នាក់ (ប្រុស ១២ នាក់ ស្រី ១០នាក់)។ ចៅទី២២ បានប្រសូត្រនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។ ចៅទី២២ ជាបុត្រីរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន។
ចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុឆ្លងកាត់អាពាហ៍ពិពាហ៍នាជំនាន់សម័យសង្រ្គាមក្រោមរបបអាវខ្មៅខ្មែរក្រហម។
បើតាមប្រមុខថ្នាក់ដឹកនាំ ស្នេហាសម្តេចដែលកើតចេញពីបេះដូងនិងមានប្រវត្តិជូរចត់យ៉ាងច្រើន នៅតែស្ថិតស្ថេរជាអមតៈ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ ក្នុងគ្រាប្រទេសមានសង្រ្គាមនេះ សម្តេចទាំងពីរទទួលបានបុត្រចំនួន ៦ រូប តែមួយរូបបានស្លាប់ ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះគឺ «ហ៊ុន កម្សត់»។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសជាចំហរកន្លងទៅថាចង់បានចៅប្រុសឲ្យច្រើន ដើម្បីអាចទៅបង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុនដ៏ខ្លាំងមួយនាថ្ងៃអនាគត៕