ស្ងាត់ៗ Sony បញ្ចេញរថយន្តគំរូមួយ ដើម្បីត្រៀមខ្លួនប្រឡូកចូលវិស័យយានយន្តអគ្គិសនី នៅឆ្នាំនេះ

អន្តរជាតិ

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមបច្ចេកវិទ្យាយក្ស Sony Group របស់ជប៉ុន បានប្រកាសថាខ្លួននឹងបង្កើតក្រុមហ៊ុនថ្មីមួយផ្សេងទៀត សម្រាប់ការផលិតរថយន្តអគ្គិសនី នៅឆ្នាំនេះ ដែលនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយ ក្នុងការពង្រីកមហិច្ឆតារបស់ខ្លួន នៅក្នុងវិស័យយានយន្ត ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនេះ បើតាមអ្វីដែល នាយក និងជាប្រធានក្រុមហ៊ុន Sony លោក Kenichiro Yoshida បាននិយាយ នៅក្នុងសនិ្នសីទបច្ចេកវិទ្យា CES ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីថ្មីៗកន្លងទៅ ។

មិនតែប៉ុណ្ណោះ លោក បាននិយាយថា ក្រុមហ៊ុនថ្មីនេះ នឹងមានឈ្មោះថា Sony Mobility Inc ដែលនឹងផ្តោតទាំងស្រុងទៅលើការផលិតរថយន្តអគ្គិសនីប្រភេទថ្មីមួយ ដែលនឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ខណ:ពេលដែល Sony ក៏បានប្រកាសរួចហើយផងដែរ នូវរថយន្តគំរូមួយ ដែលក្រុមហ៊ុនកំពុងតែដាក់តេស្តសាកល្បងនៅលើផ្លូវសាធារណ: ។

លើសពីនេះ លោក Yoshida បាននិយាយទៀតថា ៖ ” ជាមួយនឹងប្រព័ន្ធចាប់យករូបភាព និងចាប់យកសញ្ញា រួមទាំង Cloud , ប្រព័ន្ធ 5G និងបច្ចេកវិទ្យាកម្សាន្ត ដែលរួមផ្សំជាមួយនឹងភាពសម្បូរបែបនៃមាតិការបស់យើងផងនោះ យើងជឿជាក់ថា Sony នឹងមានជំហរដ៏ល្អ ក្នុងនាមជាក្រុមហ៊ុនកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រឡូកចូលក្នុងវិស័យយានយន្តដ៏រីកចម្រើនមួយនេះ ” ។

គួរឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានកើនឡើង ៤,២% នៅទីក្រុងតូក្យូ បន្ទាប់ពីការប្រកាស អំពីផែនការនៃការផលិតរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួននេះ ៕

ប្រភព: Businesstoday