នាយឧត្តមសេនីយ៍ជាន់ខ្ពស់មីយ៉ាន់ម៉ា លោក ម៉ីង អ៊ុងឡាំង បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ លោកលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានអាស៊ាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការចំនួន ២ថ្ងៃ ដើម្បីរកដំណោះស្រាយបញ្ហាជួបប្រទះក្រោយលោក ម៉ីង អ៊ុងឡាំង ធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី នាដើមឆ្នាំ២០២១កន្លងទៅ។
តាមរយៈសេចក្តីប្រកាសរួមគ្នារវាងកម្ពុជា និងមីយ៉ាន់ម៉ាក្រោយជំនួបនៅថ្ងៃ៧មករាម្សិលមិញ បានឪ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ លើសពីនេះ ថ្នាក់ដឹកនាំទទាំងពីរក៏និយាយអំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។ ខណៈទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អ៊ុងឡាំង បានបញ្ជាក់ សម្តេចនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។
ទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជាដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ បើតាមសម្តេច បទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងស្មារតីនេះដែរ លោក មីង អ៊ុងឡាំង បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ានិងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។