មិនថាអ្នកជាបុគ្គលមានទ្រព្យសម្បត្តិច្រើនកម្រិតណាក៏ដោយ ប្រសិនបើអ្នកចាយវាយខ្ជះខ្ជាយមិនចេះសន្សំ មិនចេះទុកដាក់ និងគ្មានបញ្ជីចំណូលចំណាយត្រឹមត្រូវ នោះមិនយូរទេទ្រព្យសម្បត្តិអស់ទាំងនោះនឹងរលាយត្រឹមមួយពព្រិចភ្នែក។
ជាក់ស្ដែង បើយោងតាមការចុះផ្សាយពី Valuewalk បានឲ្យដឹងថា កន្លងមកមានមហាសេដ្ឋីដល់ទៅ ១០ រូបរួចមកហើយដែលធ្លាប់មានលុយច្រើនពាន់លានដុល្លារ តែធ្លាក់ខ្លួនគ្មានសល់សូម្បីមួយកាក់ក្នុងកុងធនាគារ។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ១០ រូបដែលធ្លាក់ខ្លួនដល់បាត៖
10/ Aubrey McClendon
ជាសហស្ថាបនិកក្រុមហ៊ុនផលិតប្រេងឥន្ធនៈ និងហ្គាស Chesapeake Energy ដែលលោកត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណ ១,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦ ស្របពេលគ្រានោះលោករងការចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ និងបទល្មើសជាច្រើនទៀត។
ជាអកុសល ថ្ងៃមួយលោកបានមានគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ខណៈគេបានទម្លាយថាលោកជាប់បំណុលជាច្រើន ហើយកុងធនាគាររបស់លោកគឺស្ទើរតែធ្លាក់ដល់លេខសូន្យពេលលោកទទួលអនិច្ចកម្ម។
9/ Björgólfur Gudmundssona
ធ្លាប់ជាអតីតអ្នកមានដាច់គេទី ២ នៅប្រទេសអ៊ីស្លង់ និងធ្លាប់ជាម្ចាស់ភាគហ៊ុនដ៏ធំនៅធនាគារ Landsbanki តែនៅឆ្នាំ ២០០៨ ពេលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ធនាគាររបស់លោកត្រូវបានរឹបអូសដោយរដ្ឋាភិបាលអ៊ីស្លង់ ហើយ Gudmundssona ប្រកាសក្ស័យធន ជាមួយនឹងទ្រព្យសម្បត្តិ ១,២ ពាន់លានដុល្លារ មកសល់ត្រឹមសូន្យដុល្លារ។
8/ Jocelyn Wildenstein
ស្ត្រីដែលមានរហស្សនាមថា Catwoman ព្រោះតែការកែសម្ផស្សរបស់អ្នកស្រី គឺធ្លាប់ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីអំឡុងទសវត្សឆ្នាំ ២០០០ ដោយសារការចាយវាយមិនសំចៃដៃរបស់អ្នកស្រី ពោលគឺធ្លាប់ជះលុយប្រមាណ ១ លានដុល្លារទៅលើសម្ភារៈនិយម និង ៥ ០០០ ដុល្លារលើកាតទូរស័ព្ទជារៀងរាល់ខែ។
យ៉ាងណា នៅខែឧសភា ឆ្នាំ ២០១៨ អ្នកស្រីបានប្រកាសក្ស័យធន ជាមួយនឹងគណនីធនាគារដែលមានទឹកប្រាក់សូន្យដុល្លារ។
7/ Eike Batista
ស្ដេចត្រាញ់ប្រេងដែលធ្លាប់ជាអ្នកមានបំផុតលើលោកទី ៧ ចាប់ផ្ដើមបាត់បង់ទ្រព្យសម្បត្តិរបស់លោកបន្តិចម្ដងៗ បន្ទាប់ពីក្រុមហ៊ុនប្រេង OGX មិនអាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនបានទៀងទាត់។
នៅឆ្នាំ ២០១២ ទ្រព្យសម្បត្តិរបស់អតីតមហាសេដ្ឋីរូបនេះគឺមានប្រមាណ ៣០ ពាន់លានដុល្លារ តែ ៥ ឆ្នាំក្រោយ លោកបានចោទប្រកាន់ពីបទលាងលុយកខ្វក់ និងពុករលួយ រួចក៏សម្រេចចិត្តប្រកាសក្ស័យធននាពេលនោះ។
6/ Sean Quinn
លោក Quinn គឺជាបុគ្គលដែលមានមុខមាត់មួយរូបនៅក្នុងប្រទេសអៀរឡង់ តែនៅឆ្នាំ ២០០៨ ពេលពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន បានបង្ខំឲ្យបុរសជនជាតិអៀរឡង់សម្រេចចិត្តប្រកាសក្ស័យធននៅឆ្នាំ ២០១១ ដែលគ្រានោះលោកនៅសល់ទ្រព្យប្រមាណជាង ៧ ម៉ឺនដុល្លារ ពីទ្រព្យដែលធ្លាប់មាន ២,៨ ពាន់លានដុល្លារ។
5/ Allen Stanford
ចូលដល់ពាក់កណ្ដាលបញ្ជីឈ្មោះ គឺជាបុរសដែលកំពុងជាប់ពន្ធនាគាររយៈពេល ១១០ ឆ្នាំពីបទឆបោកលក្ខណៈបណ្ដាញ Ponzi Scheme ដែលករណីរបស់លោកគឺជាករណីឆបោកបែបបណ្ដាញធំបំផុតទី ២ នៅសហរដ្ឋអាមេរិក។
ការឆបោកនេះគឺបានបង្ហាញទិន្នន័យពីការខាតបង់រហូតដល់ ៧ ពាន់លានដុល្លារ ពីមនុស្សច្រើនជាង ១៨ ០០០ នាក់ដែលភាគច្រើនសុទ្ធតែស្ថិតនៅក្នុងវ័យចូលនិវត្តន៍ និងជឿតាមពាក្យញុះញង់របស់លោកចំពោះការវិនិយោគដែលគ្មានគ្រោងការណ៍ច្បាស់លាស់។
4/ Vijay Mallya
Mallya គឺជាមហាសេដ្ឋីឥណ្ឌាដែលភាគច្រើនត្រូវគេស្គាល់ថាជាស្ដេចត្រាញ់ផលិតគ្រឿងស្រវឹង ដោយសារលោកជាមនុស្សសម្ភារៈនិយម ចូលចិត្តជីវិតស៊ីវិល័យ ទើបមនុស្សជាច្រើនតែងច្រណែននឹងជីវិតដ៏ហ៊ឺហាមួយនេះ។
យ៉ាងណា នៅឆ្នាំ ២០១២ អតីតម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Kingfisher Airlines ត្រូវបានគេទម្លាយថា ជាប់បំណុលធនាគារច្រើនកន្លែង ដើម្បីទប់ទល់ការចំណាយលើអាជីវកម្មអាកាសចរណ៍។ ដោយសារគ្មានលទ្ធភាពសងបំណុល បុរសរូបនេះបានភៀសខ្លួនពីឥណ្ឌាទៅអង់គ្លេស ហើយថ្មីៗនេះលោកត្រូវបានចាប់ខ្លួន ខណៈតុលាការឥណ្ឌាកំពុងកសាងសំណុំរឿងដើម្បីផ្ដន្ទាទោសអតីតមហាសេដ្ឋីពីបទឆបោកធនាគារ និងលាងលុយកខ្វក់។
3/ Bernie Madoff
ដូចគ្នាទៅនឹងលោក Stanford បុរសដែលមានឈ្មោះ Madoff គឺកំពុងជាប់ពន្ធនាគាររយៈពេល ១៥០ ឆ្នាំ ជាមួយបទល្មើសឆបោកលក្ខណៈបណ្ដាញ Ponzi Scheme ធំបំផុតនៅអាមេរិក។ កាលពីឆ្នាំទៅបុរសរូបនេះធ្លាប់ស្នើសុំនៅក្រៅឃុំ ដោយសាររូបលោកសល់ពេលត្រឹម ២ ឆ្នាំប៉ុណ្ណោះសម្រាប់ការរស់នៅ ព្រោះបច្ចុប្បន្នបញ្ហាតម្រងនោមរបស់លោកស្ថិតនៅដំណាក់កាលចុងក្រោយហើយ។
2/ Patricia Kluge
ក្រោយលែងលះជាមួយស្វាមីដែលជាបុគ្គលមានមុខមាត់ លោកស្រី Kluge បានយកលុយទាំងនោះទៅវិនិយោគលើចំការទំពាំងបាយជូរសម្រាប់ធ្វើស្រាក្រហម តែដោយសារឱនភាពយ៉ាងគំហុកនៃទីផ្សារអចលនទ្រព្យបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកស្រីរលាយត្រឹមមួយពព្រិចភ្នែក។
បើទោះជាព្យាយាមប្រមែប្រមូលគ្រឿងអលង្ការ និងវត្ថុកម្មសិទ្ធិផ្សេងៗទៀតទៅលក់ ដើម្បីទប់ទល់ការក្ស័យធនបែបណា ក៏វានៅតែជៀសមិនផុត ហើយចុងក្រោយលោកស្រីបានប្រកាសក្ស័យធននៅឆ្នាំ ២០១១។
1/ Elizabeth Holmes
ធ្លាប់ត្រូវបាន Forbes ដាក់រហស្សនាមថាជាស្ត្រីវ័យក្មេងបំផុតដែលសាងទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារពីបាតដៃទទេ តែបច្ចុប្បន្នអ្នកនាងកំពុងជាប់ចោទពីបទឆបោកដ៏ធំមួយ។ ក្រុមហ៊ុន Theranos ដែលជាក្រុមហ៊ុនពិនិត្យឈាមរបស់អ្នកនាង គឺកំពុងទទួលបានពាក្យបណ្ដឹងពីក្រុមវិនិយោគិន និងអ្នកជំងឺជាច្រើននាក់។ បច្ចុប្បន្ន អ្នកនាងកំពុងដោះស្រាយរឿងក្ដីដ៏ចាក់ស្រែះមួយនេះ ស្របពេល Forbes វាយតម្លៃថាទ្រព្យសម្បត្តិរបស់អ្នកនាងគឺសូន្យដុល្លារ៕
ប្រភព: valuewalk