សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទើបចូលធ្វើជាប្រធានដឹកនាំវិលជុំអាស៊ាន បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅភូមា គិតចាប់តាំងពីកងទ័ពភូមាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី។
ទាក់ទងទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ានម៉ា រយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២១ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មេដឹកនាំរដ្ឋប្រហារយោធា នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង សម្តេច ហ៊ុន សែន បានថ្លែងអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ មករា នេះ។
សម្តេច ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ពីលទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា មាន ៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សម្តេចបានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
បើតាមសម្តេចនាយករដ្ឋមន្រ្តី បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត។ សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។
សម្តេច ហ៊ុន សែន ថ្លែងថា៖ លោក មីង អ៊ុងឡាំង បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។ សម្តេចថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។
តាមរយៈសេចក្តីប្រកាសព័ត៌មានរវាងកម្ពុជា មីយ៉ាន់ម៉ា បានទម្លាយឲ្យដឹងពីផ្លែផ្កាមួយចំនួន ដែលប្រធានអាស៊ានបានព្យាយាមសម្របសម្រួលបញ្ហានយោបាយរបស់ប្រទេសភូមា។
តាមសេចក្តីប្រកាសព័ត៌មានរួម ដែលធ្វើឡើងនៅរដ្ឋធានី ណៃពីដោរ ប្រមុខរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំរបបសឹកភូមាបាននិយាយគ្នាពីចំណុចសំខាន់ធំពីរ ដែលទាក់ទងនឹងវិបត្តិនៅភូមា។ ទី១ មេដឹកនាំយោធា លោកមីង អ៊ុងឡាំង បាននិយាយប្រកាសថា កងទ័ពនឹងពន្យារការអនុវត្តបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធ ជនជាតិភាគតិចទាំងអស់ រហូតដល់ចុងឆ្នាំ ២០២២។ នៅក្នុងន័យនេះ មេដឹកនាំរបបសឹកបាននិយាយស្វាគមការចូលរួមរបស់ប្រេសិតថ្មីពិសេសរបស់អាស៊ាន នៅក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ទី២ មេដឹកនាំកម្ពុជា និងភូមាបានព្រមព្រៀងគ្នាផងដែរឲ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីបើកផ្លូវ នាំជំនួយមនុស្សធម៌ ដល់ប្រជាជនភូមា។
តែយ៉ាងណា ក៏មានការរិះគន់ពីមតិសហគមន៍អន្តរជាតិផងដែរ ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់មានេះផងដែរ៕