ជប៉ុន ឨ្យកម្ពុជាខ្ចីប្រាក់ជាង ១៨៥លានដុល្លារ ជាមួយនឹងការប្រាក់ទាប ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា ទទួលបានប្រាក់កម្ចីបន្ថែមទៀតពីរដ្ឋាភិបាលជប៉ុនប្រមាណ ១៨៥លានដុល្លារ ជាមួយនឹងការប្រាក់ទាប សម្រាប់គាំទ្រលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២។ ពិធីចុះហត្ថលេខាទទួលប្រាក់កម្ចីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ មករា ២០២២នេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ដូចជា ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ ចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច។

គួររំឭកដែលថា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់កម្ចីជាង ២៣៧លានដុល្លារ មកឨ្យកម្ពុជា ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ ដែលសរុបទាំងពីរលើកមានជាង ៤២០លានដុល្លារ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច បានអះអាងថា ថវិកាជាកម្ចីរបស់ជប៉ុន ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។

បន្ថែមលើនេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុបជាថវិកាជាង ៦០លានដុល្លារអាមេរិកឨ្យកម្ពុជា។

សូម​ជម្រាបជូនថា កាលពីថ្ងៃទី១០ ខែមីនា សម្តេចនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ប្រកាស​ត្រៀម​ថវិកា​ប្រមាណ​ពី៨រយ ដល់ទៅ​២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្រ្គោះ​សេដ្ឋកិច្ច​កម្ពុជា ​ដែល​រង​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​រីក​រាល​ដាល​នៃ​​កូវីដ១៩ នៅ​រយៈ​ពេល​ខាង​មុខ​។ សម្តេច ហ៊ុន សែន ក៏ប្រកាសដែរថា រដ្ឋាភិបាល​ត្រៀមប្រមាណ៣​០លានដុល្លារអាមេ​រិកសម្រាប់​វិស័យសុខាភិបាល ក្នុងកា​រទប់ទល់ទៅ​នឹងការរីករាលដា​លនៃមេ​រោគកូរ៉ូណា​វីរុស​កូវីដ១៩៕