ចំណូល​​ដាំក្បាល​​ចុះ ៨០% ក្រុមហ៊ុន New Oriental ​បញ្ឈប់​បុគ្គលិក ៦ ម៉ឺន​នាក់

អន្តរជាតិ

​ក្រុមហ៊ុន New Oriental របស់​ប្រទេស​ចិន​បាន​សម្រេច​បញ្ឈប់​បុគ្គលិក​​ដល់​ទៅ ៦០ ០០០ នាក់ បន្ទាប់ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់​មាន​ ពោល​គឺ​ដាំក្បាល​ចុះ​ដល់​ទៅ ៨០% ក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុវត្ត​ច្បាប់​ថ្មី​លើ​វិស័យ​អប់រំ​ឯកជន​កាលពី​ឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង​ លោក Yu Minhon ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​នៅ​ឆ្នាំ ១៩៩៣ បាន​បង្ហាញ​ទិន្នន័យ​នៅ​លើ​បណ្ដាញ​សង្គម WeChat ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃសៅរ៍ អំពី​ការ​អនុវត្ត​ច្បាប់​ថ្មី​កាលពី​ខែកក្កដា ២០២១ ដែល​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដែល​រកស៊ី​លើ​វិស័យ​អប់រំ​ឯកជន​ធំ​បំផុត​នៅ​ចិន។

មុនពេល​អនុវត្ត​ច្បាប់ថ្មី ក្រុមហ៊ុន New Oriental បានជួលបុគ្គលិកចំនួន ១០៥ ២០០ នាក់ រួមទាំងគ្រូបង្រៀនចំនួន ៥៤ ២០០ នាក់។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។ ក្រោយ​ការ​ប្រកាស​អនុវត្ត​ច្បាប់​ថ្មី​មិន​បាន​ប៉ុន្មាន​ផង តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន បាន​ធ្លាក់​ចុះ​ដល់​ទៅ ៩០% ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​​បានកំពុងព្យាយាមបង្វែរអាជីវកម្មរបស់ខ្លួនទៅកាន់វិស័យផ្សេងទៀតដែលមិនត្រូវបានប៉ះពាល់ដោយបទប្បញ្ញត្តិ រួមទាំងថ្នាក់រាំ និងគូររូប និងការបង្រៀនភាសាចិនដល់ជនបរទេសនៅក្នុងទីផ្សារក្រៅប្រទេស។

ដោយសារ​យល់​ថាមិនអាច​រកស៊ី​លើ​វិស័យ​អប់រំ​ឯកជន​បន្ត​ទៀត លោក​ Yu បានដឹកនាំក្រុមហ៊ុនទៅលក់​បន្លែ និង​ផ្លែឈើ តាមរយៈការផ្សាយផ្ទាល់។ ក្រុមហ៊ុនគ្រោងនឹងបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកផ្ទាល់សម្រាប់កសិករវិញ៕

ប្រភព: Kelo