ក្រុមហ៊ុនផលិតរថយន្តប្រណីត Rolls-Royce ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនរថយន្តខ្នាតយក្សអាល្លឺម៉ង់ BMW បាននិយាយកាលពីថ្ងៃចន្ទថា ការលក់របស់ខ្លួន គឺបានកើនឡើងដល់ ៤៩% ដែលជាកម្រិតខ្ពស់បំផុត ក្នុងឆ្នាំ ២០២១ បើទោះបីជាមានការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩ ក៏ដោយ ខណ:តម្រូវការនៅទូទាំងពិភពលោក សម្រាប់រថយន្តលំដាប់សេដ្ឋីមួយនេះ បានកើនឡើងខ្លាំង។
ជាក់ស្តែង នៅក្នុងបទបង្ហាញតាមរយ:ប្រព័ន្ធអ៊ីនធឺណេត នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce លោក Torsten Müller-Ötvös បាននិយាយថា ក្រុមហ៊ុនរបស់លោក បានលក់រថយន្តចេញចំនួន ៥ ៥៨៦ គ្រឿង ដល់អតិថិជន នៅក្នុងប្រទេសជាង ៥០ ដែលជាចំនួនដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត មិនធ្លាប់មានរយ:ពេល ១១៧ ឆ្នាំមកនេះ ។
មិនតែប៉ុណ្ណោះ លោក Müller-Ötvös បាននិយាយថា ៖ “ខ្ញុំមិនគិតថាមនុស្សគ្រប់គ្នា នឹងមិនយល់ស្របជាមួយខ្ញុំទេ ដែលថាឆ្នាំ ២០២១ គឺជាឆ្នាំដែលងាយនឹងជួបហានីភ័យ មិនអាចទាយទុកជាមុនបាន និងជាឆ្នាំដ៏លំបាកបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងអស់។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងវិស័យរថយន្តប្រណីតទាំងមូល ភាពប្រឹងប្រែងរបស់យើង គឺមិនផ្តោតខ្លាំងលើការព្យាយាមស្វែងរកអតិថិជននោះទេ ប៉ុន្តែជាការផលិតរថយន្ត ឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអតិថិជនដ៏ច្រើនទៅវិញ”។
លើសពីនេះ នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce រូបនេះ បានបន្តទៀតថា ចំនួននៃការលក់រថយន្តប្រណីតរបស់លោក គឺបានបំបែកកំណត់ត្រានៅគ្រប់ពេលវេលាទាំងអស់ ក្នុងតំបន់ភាគច្រើន ជាពិសេសនៅក្នុងប្រទេសចិន និងអាមេរិក ។
គួរឲ្យដឹងផងដែរថា ការលក់រថយន្តទំនើប និងប្រណីត បាននឹងកំពុងតែកើនឡើងកាន់តែខ្លាំង នៅក្នុងទីផ្សារពិភពលោកសំខាន់ៗ ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកជាដើម ដោយសារតែការរឹតបន្តឹងការធ្វើដំណើរដោយសារជំងឺរាតត្បាត ដែលធ្វើឲ្យសេដ្ឋី អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្យាយាមទិញរថយន្តថ្លៃៗមកប្រើប្រាស់ ៕
ប្រភព: KeloNews