លោក Ma Xingtian ដែលជាអតីតប្រធានក្រុមហ៊ុន Kangmei Pharmaceutical ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ និងពិន័យជាប្រាក់ ១,២ លានយន់ ឬ ១៨៨ ៣០០ ដុល្លារ បន្ទាប់ពីរកឃើញបង្កភាពចលាចលលើទីផ្សារ និងទទួលស៊ីសំណូកសូកប៉ាន់។
កន្លងមកអតីតប្រធានក្រុមហ៊ុនរូបនេះធ្លាប់បានប្ដឹងបកដែរ ប៉ុន្តែតុលាការប្រជាជនជាន់ខ្ពស់ខេត្តក្វាងទុងបានច្រានចោលបណ្តឹងឧទ្ធរណ៍។ តុលាការបានតម្កល់សាលក្រមរបស់តុលាការដោយលើកឡើងថាភស្តុតាងគ្រប់គ្រាន់និងការកាត់ទោសសមរម្យ។
រំលឹកដែរថា Kangmei គឺជាក្រុមហ៊ុនផលិតឱសថខ្នាតយក្សមួយរបស់ចិន ដែលមានចរាចរណ៍លើវិស័យមួយនេះអស់រយៈពេលជាយូរណាស់មកហើយ។ ក្រុមហ៊ុនមួយនេះត្រូវបានចោទប្រកាន់ទាក់ទងនឹងការឆបោកដែលមានទំហំទឹកប្រាក់ ៨៨,៦ ពាន់លានយន់ ឬជិត ១៤ ពាន់លានដុល្លា សម្រាប់ការទូទាត់ចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨។
អាជ្ញាធរបានរកឃើញថា ក្រុមហ៊ុនបានប្រើប្រាស់ក្រដាសប្រាក់បញ្ញើធនាគារក្លែងក្លាយ ដើម្បីបំប៉ោងទុនបំរុងសាច់ប្រាក់ ឯកសារក្លែងបន្លំសម្រាប់សកម្មភាពអាជីវកម្ម និងផ្ទេរមូលនិធិរបស់ក្រុមហ៊ុនទៅឱ្យភាគីពាក់ព័ន្ធដើម្បីធ្វើពាណិជ្ជកម្មក្នុងភាគហ៊ុនរបស់ខ្លួន។
ដោយឡែក កាលពីខែវិច្ឆិកាកន្លងទៅ តុលាការជាន់ទាបបានរកឃើញថា ថ្នាក់ដឹកនាំរបស់ Kangmei ៥ រូប ក៏ជាប់ពាក់ព័ន្ធនឹងករណីឆបោកដែលមានទំហំជាសាច់ប្រាក់ ២,៤៦ ពាន់លានយន់ ឬ ៣៨៥ លានដុល្លារពីវិនិយោគិន ៥២ ០៣៧ នាក់។
បញ្ជាក់ដែរថា ពីឆ្នាំ ២០១៥ ដល់២០១៨ លោក Ma និងថ្នាក់ដឹកនាំរបស់ Kangmei ជាច្រើននាក់ទៀតបានសំងំលាងលុយដោយអំពើខុសច្បាប់ និងបានលួចបន្លំទិន្នន័យភាគហ៊ុនរបស់ Kangmei ស្របពេលករណីស៊ីសំណូកសូកប៉ាន់របស់លោក Ma មានមន្ត្រីយ៉ាងតិច ៥ រូបជាប់ពាក់ព័ន្ធ ហើយក៏ត្រូវបានរដ្ឋាភិបាលចិនដកហូតតំណែងរួចអស់ហើយដែរ៕
ប្រភព: nikkei