ពេលនិយាយដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា សិស្សភាគតិចណាស់ដែលថាមិនស្គាល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យរដ្ឋដ៏ធំនេះកកើតឡើងជាង ៦០ ឆ្នាំ ហើយក៏មានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលសិស្សនិស្សិតគួរសិក្សាស្វែងយល់។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រឹះស្ថានឧត្តមសិក្សាដែលប្រើពាក្យ “សាកលវិទ្យាល័យ” មុនគេ ក្នុងសម័យសង្គមរាស្រ្តនិយម បន្ទាប់ពីរដ្ឋសភាកម្ពុជាបានអនុម័តឱ្យប្រើពាក្យ “សាកលវិទ្យាល័យ” កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៦០។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានឈ្មោះដើម “សាកលវិទ្យាល័យខេមរៈភូមិន្ទ” ឬត្រូវបានគេនិយមហៅថា “សាកលវិទ្យាល័យសង្គមរាស្រ្តនិយម” ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
សាកលវិទ្យាល័យរដ្ឋដ៏ចំណាស់មួយនេះ ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រមលេខ៣៦៧-ន.ស ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦០ ដែលមាន៖
១.មហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
២. មហាវិទ្យាល័យវេជ្ជវិទ្យាឱសថកម្ម និងវិទ្យាសាស្រ្តរណបវេជ្ជវិទ្យា
៣. មហាវិទ្យាល័យវិទ្យាស្រ្ត និងបច្ចេកទេស
៤. មហាវិទ្យាល័យអក្សរសាស្រ្ត និងវិទ្យាសាស្រ្តមនុស្សជាតិ
៥. វិទ្យាស្ថានជាតិគរុកោសល្យ។
នៅក្នុងសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភ្នំពេញ” ដែលមាន៖
១.មហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
២.មហាវិទ្យាល័យសុខាភិបាល
៣.មហាវិទ្យាល័យគរុកោសល្យ
៤.មហាវិទ្យាល័យអក្សរសាស្រ្ត និងមនុស្សសាស្រ្ត
៥.មហាវិទ្យាល័យវិទ្យាសាស្រ្ត
៦.មហាវិទ្យាល័យវិទ្យាសាស្រ្តពាណិជ្ជកម្ម
៧.មហាវិទ្យាល័យឱសថ
៨.សាលាគរុវិជ្ជាជាន់ខ្ពស់
៩.វិទ្យាស្ថានភាសាបរទេស។
សម័យកម្ពុជាប្រជាធិបតេយ្យសាកលវិទ្យាល័យត្រូវបានបិទទ្វាចោលទាំងស្រុង ហើយបរិវេណរបស់សាកលវិទ្យាល័យបានក្លាយជាទីតាំងធ្វើស្រែ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាភាសា និងសាលាគរុវិជ្ជាជាន់ខ្ពស់បានបង្កើតឡើង។ សាកលវិទ្យាល័យរដ្ឋដ៏ចំណាស់ជាងគេមួយនេះ បានបង្កើតឡើងវិញដោយមានឈ្មោះថា “សាកលវិទ្យាល័យភ្នំពេញ” តាមរយៈអនុក្រឹត្យលេខ០៤ អនក្រ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៨៨ របស់ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន)។
សាកលវិទ្យាល័យមាន៖
១.មហាវិទ្យាល័យគណិតវិទ្យា
២.មហាវិទ្យាល័យរូបវិទ្យា
៣.មហាវិទ្យាល័យគីមីវិទ្យា
៤.មហាវិទ្យាល័យជីវវិទ្យា
៥.មហាវិទ្យាល័យភូមិវិទ្យា
៦.មហាវិទ្យាល័យទស្សនវិជ្ជា
៧.មហាវិទ្យាល័យចិត្តគរុកោសល្យ
៨.មហាវិទ្យាល័យប្រវត្តិវិទ្យា
៩.មហាវិទ្យាល័យភាសានិងអក្សរសិល្ប៍ខ្មែរ
១០.មហាវិទ្យាល័យភាសានិងអក្សរសិល្ប៍រូស្ស៊ីនិងភាសាបស្ចិបប្រទេស
១១.មហាវិទ្យាល័យភាសានិងអក្សរសិល្ប៍ វៀតណាមនិងភាសាបូព៌ាប្រទេស។
សាកលវិទ្យាល័យបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភូមិន្ទភ្នំពេញ “ តាមរយៈអនុក្រឹត្យលេខ៣១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៦ ដោយគិតចាប់ពីឆ្នាំសិក្សា១៩៩៥-១៩៩៦។
បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញមាន៖
១.មហាវិទ្យាល័យវិទ្យាសាស្រ្ត(៦ដេប៉ាតឺម៉ង់)
២.មហាវិទ្យាល័យសង្គមសាស្រ្តនិងមនុស្សសាស្រ្ត(១១ដេប៉ាតឺម៉ង់)
៣.វិទ្យាស្ថានភាសាបរទេស(៧ដេប៉ាតឺម៉ង់)
៤.មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍(៣ដេប៉ាតឺម៉ង់)
៥.មហាវិទ្យាល័យវិស្វកម្ម(៣ដេប៉ាតឺម៉ង់)
៦.មហាវិទ្យាល័យអប់រំ(៣ដេប៉ាតឺម៉ង់)
៧.មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
៨.មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើការបណ្តុះបណ្តាលចាប់ពីកម្រិតបរិញ្ញាបត្រដល់បណ្ឌិត។
ចាប់តាំងពីថ្ងៃបង្កើតរហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានសាកលវិទ្យាធិការចំនួន០៦រូប៖
១.សាស្រ្តាចារ្យមហាបរិញ្ញា ភឹង តុន (១៩៦៥-១៩៦៨, ១៩៧០-១៩៧៥)
២.សាស្រ្តាចារ្យមហាបរិញ្ញា ង៉ោ ហ៊ូប៊ុណ្ណវឌ្ឍន៍ (១៩៦៨-១៩៧០)
៣.ឯកឧត្តម វ៉ាស៊ឹម សំរិទ្ធ (១៩៩៣-២០០០)
៤.ឯកឧត្តម ពិត ចំណាន (២០០០-២០០៥)
៥.ឯកឧត្តម ឡៅ ឈីវអ៊ាវ (២០០៥-២០១៣)
៦.ឯកឧត្តមបណ្ឌិត ជេត ជាលី(២០១៣ ដល់បច្ចុប្បន្ន)