តៃវ៉ាន់ ប្រកាសដាក់ពិន័យធ្ងន់ធ្ងរ ចំពោះអ្នកណាដែលហ៊ាននាំចូលសាច់ជ្រូក ពីប្រទេសថៃ

អន្តរជាតិ

ថ្មីៗនេះ កោះតៃវ៉ាន់ បានធ្វើការព្រមានថា អ្នកណាដែលនាំយកសាច់ជ្រូក ឬផលិតផលធ្វើពីសាច់ជ្រូក ពីប្រទេសថៃ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជំងឺប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញ នៅក្នុងប្រទេសមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់កណ្តាលរបស់តៃវ៉ាន់ (CEOC) បាននិយាយថា បើអ្នកណាម្នាក់ ដែលព្យាយាមនាំយកសាច់ជ្រូក ឬផលិតផលសាច់ជ្រូកពីប្រទេសថៃ តាមរយៈអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ នឹងត្រូវពិន័យជាទឹកប្រាក់ ២០០ ០០០ ដុល្លារតៃវ៉ាន់ ឬប្រហែល ៧២០០ ដុល្លារអាមេរិក ។

មិនតែប៉ុណ្ណោះ ស្ថាប័នខាងលើបានបន្ថែមទៀតថា បើអ្នកណាមួយ នៅតែបំពាន នោះពួកគេអាចនឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេស និងនិរទេសចេញពីប្រទេសផងដែរ ។

ការព្រមាននេះ ត្រូវបានដាក់ចេញ បន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍​បសុសត្វ​នៃ​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​អង្គារ​ បាន​រក​ឃើញ​ករណីជំងឺ ASF នៅ​កន្លែង​សត្តឃាត​មួយ ​ក្នុង​ខេត្ត Nakhon Pathom ។ ប៉ុន្តែយ៉ាងណាអាជ្ញាធរថៃ បានធ្វើការបដិសេធម្តងហើយម្តងទៀត នូវការផ្ទុះឡើងនៃជំងឺឆ្លង ASF ខណ:កាលពីពេលមុន ពួកគេបានសន្មតថាការងាប់ជ្រូកនៅតាមកសិដ្ឋានភាគច្រើន គឺកើតឡើងដោយសារជំងឺនៃមេរោគមួយផ្សេងទៀត ហៅថា porcine reproductive និង respiratory syndrome។

ជាមួយគ្នានោះដែរ កាលពីខែធ្នូ CEOC បានរកឃើញសាច់ក្រក ដែលនាំចូលពីប្រទេសថៃ មានផ្ទុកមេរោគ ASF ប៉ុន្តែត្រូវបាននាយកដ្ឋានថៃ ចេញមុខអះអាងថា ការចម្លងនេះអាចបណ្តាលមកពីសាច់ជ្រូក ដែលត្រូវបានរត់ពន្ធចូលប៉ុណ្ណោះ ព្រោះថាគ្មានករណីជំងឺ AFS ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានប្រទេសថៃនោះទេ ។

គួរឲ្យដឹងផងដែរថា ប្រទេសថៃបានធ្វើការហាមឃាត់ ការនាំចេញជ្រូកទៅប្រទេស កាលពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ៥ មេសា ក្នុងគោលបំណង ដើម្បីដោះស្រាយការកើនឡើងថ្លៃសាច់ជ្រូក នៅក្នុងប្រទេស ៕​

ប្រភព: Bangkok Post